CAMSOC យកយន្តការការទូត តាមតំណាងកុងស៊ុល ឬស្ថានទូតក្រៅស្រុក ដើម្បីផ្សព្វផ្សាយពីស៊ីហ្គេម ២០២៣

ដើម្បីឲ្យការផ្សព្វផ្សាយស្តីពីយុទ្ធនាការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផ្សព្វផ្សាយបញ្ជ្រាបដល់បណ្តាអន្តរជាតិ និងប្រជាពលរដ្ឋនៅក្រៅប្រទេសឲ្យទទួលពីព័ត៌មានដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូងជាប្រវតិ្តសាស្ត្រ មុនព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានមុន២ឆ្នាំ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានសម្រេចជ្រើសយកយន្តការការទូត យន្តការកិច្ចការបរទេស តាមរយៈតំណាងកុងស៊ុល ឬស្ថានទូតកម្ពុជានៅឯប្រទេសក្រៅ ពិសេសប្រទេសសមាជិកស៊ីហ្គេម ដើម្បីបំផ្ទុះការផ្សព្វផ្សាយ។



គួរជម្រាប់ជូនថា ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការបញ្ជ្រាបការយល់ដឹងអំពីការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកាសថា កម្ពុជាបានរៀបចំខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវ អត្តពលិក និងបណ្តាប្រទេសនានា ប្រកបដោយភាពកក់ក្តៅ និងក្តីសង្ឃឹម។ ឯកឧត្តមរដ្ឋមន្ដ្រី រំពឹងថា ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា នឹងធ្វើឲ្យបានល្អជាងស៊ីហ្គេមមុនៗ ប្រកបដោយសេចក្ដីថ្លៃថ្នូរ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ចារទុកជាកំណត់ត្រាប្រវត្តិសាស្ត្រទៀតផងដែរ ៕
