អានុភាពយោធាចិន៖ ពីអ្នកនាំចូល មកក្លាយជាអ្នកនាំចេញអាវុធដ៏ធំមួយលើលោក
ហ៊ីម រដ្ឋា
កាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ ចិនបានប្រារព្ធពិធីខួបទី ១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។ ខុសប្លែកពីខួបទី ៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០១៩ ពិធីដ៏ធំលើកនេះមិនមានព្យុហយាត្រាយោធានៅលើគោកនោះទេ តែនៅលើអាកាសវិញ គេសង្កេតឃើញមានយន្តហោះចម្បាំងចំនួន ៧១ គ្រឿងត្រូវបានបង្ហោះបង្អួតសាធារណជន។
ទោះជាគ្មានព្យុហយាត្រាបញ្ចេញសាច់ដុំកងទ័ព រថក្រោះ និងអាវុធធុនធ្ងន់ផ្សេងៗ ក្នុងសាររបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងអគ្គលេខាធិការបក្សកុម្មុយនិស្តចិនបានបង្កប់នូវខ្លឹមសារមួយចំនួនថា ចិនមិនចុះចាញ់នឹងការយាយីរបស់បរទេសដាច់ខាត។
«ប្រជាជនចិននឹងមិនឲ្យកម្លាំងរបស់បរទេសមកមើលងាយ ជិះជាន់ ឬ ធ្វើជាចៅហ្វាយនោះទេ។ នរណាដែលរវើរវាយបង្កើតគំនិតនេះ នឹងត្រូវបោកបំបែកក្បាលច្រាបឈាមពាសពេញមហាកំពែងនៃដែកថែប ដែលសាងសង់ដោយប្រជាជនចិន ១,៤ពាន់លាននាក់។ ខ្ញុំប្រកាសយ៉ាងម៉ឺងម៉ាត់ទៅកាន់សហគមន៍អន្តរជាតិថា ប្រជាជនចិនបានងើបឈរហើយ។ ជំនាន់ដែលគេជិះជាន់ និងកេងប្រវ័ញ្ចបានចប់អស់ហើយ»។ នេះបើតាមការលើកឡើងរបស់លោក ស៊ី ជីនភីងកាលពីថ្ងៃព្រហស្បតិ៍។
លោកក៏សង្កត់ធ្ងន់ថា ចិនត្រូវតែបំពាក់នូវអានុភាពឲ្យខ្លាំងក្លាជាងនេះ ក៏ដូចជាពន្លឿននូវទំនើបកម្មវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខជាតិ និងផលប្រយោជន៍នៃអភិវឌ្ឍន៍ជាតិ។
ងាកមកមើលអានុភាពយោធារបស់ចិនវិញ ចិនបានចំណាយអស់រាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ លើវិស័យការពារជាតិរបស់ខ្លួន។ យោងតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខម (SIPRI) ដែលជាស្ថាប័នស្រាវជ្រាវរបស់ស៊ុយអែតលើផ្នែកសន្តិសុខប្រដាប់អាវុធបានឲ្យដឹងថា ថវិកាជាតិរបស់ចិនបានកើនឡើងដោយឥតអាក់ខានរយៈពេល ២៦ឆ្នាំមកហើយ។ នៅឆ្នាំ២០២០ ប្រទេសកុម្មុយនិស្តមួយនេះចំណាយលើវិស័យការពារជាតិប្រមាណ ២៥២ពាន់លានដុល្លារ ច្រើនជាងគេទី២លើពិភពលោក ហើយតិចជាងតែសហរដ្ឋអាមេរិកនោះទេ។
ប្រទេសនេះក៏ស្ថិតក្នុងចំណោម ប្រទេសមហាអំណាចទាំង ៥ (ចិន បារាំង រុស្ស៊ី អង់គ្លេស និងអាមេរិក) ដែលមានសិទ្ធិកាន់កាប់អាវុធនុយក្លេអ៊ែរស្របច្បាប់ ដោយគិតត្រឹមពេលនេះចិនមាន ក្បាលអាវុធនុយក្លេអ៊ែរចំនួន ៣៥០គ្រាប់ ដែលចំនួនតិចជាងគេចំណោមមហាអំណាចទាំងនោះ។
ចំណែកឯផ្នែកទីផ្សារប្រដាប់អាវុធវិញ ចិនធ្លាប់តែជាប្រទេស ដែលពឹងផ្អែកលើការនាំចូលអាវុធពីបរទេស ជាពិសេសប្រទេសរុស្ស៊ី រហូតក្លាយជាប្រទេសផលិតអាវុធដ៏ធំជាងគេមួយនៅក្នុងពិភពលោក។
ក្រោយសង្គ្រាមត្រជាក់បានបញ្ចប់នៅឆ្នាំ១៩៩១ ចិននាំចូលអាវុធភាគច្រើនមកប្រទេសអឺរ៉ុប ដែលសរុបទាំងស្មើនឹង ៩៩% នៃការនាំចូលអាវុធទាំងស្រុងរបស់ខ្លួន។ នេះបើតាមទិន្នន័យរបស់វិទ្យាស្ថានSIPRI។
បើទោះជាចិនធ្វើការទំនើបកម្មផ្នែកយោធានៅប៉ុន្មានឆ្នាំចុងក្រោយនេះក្ដី ក៏ប្រទេសនេះនៅតែបន្តនាំចូលអាវុធពីប្រទេសផ្សេងៗផងដែរ។ វិទ្យាស្ថានខាងលើបានប៉ាន់ស្មានថា អំឡុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ ចិនទិញសម្ភារៈយោធាពីរុស្ស៊ីស្មើនឹងប្រមាណ ៧៧% នៃការនាំចូលរបស់ខ្លួន ខណៈនាំចូលពីបារាំង ៩,៧% និងអ៊ុយក្រែន ៦,៣%។
យ៉ាងណាមិញ រាល់ការនាំចូលទាំងនោះ មិនមែនជាការនាំចូលអាវុធ ឬ យានយន្ត ឬ ឧទ្ធម្ភាគចក្រធ្វើហើយស្រាប់ៗទាំងស្រុងនោះទេ។ យោងតាមការប្រមូលផ្ដុំទិន្នន័យរបស់ SIPRI បានឲ្យដឹងថា ៣៤% នៃការនាំចូលអាវុធរបស់ចិនអំឡុងឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៩ ជាការនាំចូលគ្រឿងម៉ាស៊ីននៃយានយន្តយោធា។
តាមរយៈទំនោរនៃការនាំចូលនេះហើយ យុទ្ធសាស្ត្រក្នុងការបង្កើនអានុភាពយោធារបស់ចិនមានលក្ខណៈ «ស្រូបទាញ»។ នេះបើតាមការគូសបញ្ជាក់នៅក្នុងការស្រាវជ្រាវផ្នែកយោធាចិន របស់លោក Tai Ming Cheung សាស្ត្រាចារ្យនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។
យុទ្ធសាស្ត្រនេះបានន័យថា ចិនស្រូបយកបច្ចេកវិទ្យាយោធារបស់បរទេស និងផ្សាំបញ្ចូលនឹងគំនិតរបស់ខ្លួន។ យុទ្ធសាស្ត្រនេះបានកាត់បន្ថយពេលវេលា និងថវិកាយ៉ាងច្រើនសម្បើមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជារយៈ ពេលនៃការតេស្តអាវុធផងដែរ ដែលធ្វើឲ្យទំនើបកម្មយោធាចិនមានភាពឆាប់រហ័ស។
ភាពឆាប់រហ័សនេះធ្វើឲ្យចិនក្លាយជាប្រទេសផលិតបរិក្ខារយោធាដ៏ធំជាងគេចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើតាមស្ថិតិរបស់ SIPRI។ ក្នុងចំណោមក្រុមហ៊ុនផលិតឧបករណ៍យោធាធំជាងគេទាំង ២០ នៅលើពិភពលោក មានក្រុមហ៊ុនចិនចំនួន ៤ ទៅហើយ។ ប្រភពដដែលបានឲ្យដឹងថា ដោយគ្រាន់តែក្រុមហ៊ុនចិនចំនួន ៤ នេះ រកបានប្រាក់ចំណូលពីការនាំចេញអាវុធសរុប ៥៤ពាន់លានដុល្លារបាត់ទៅហើយកាលពីឆ្នាំ២០១៧ ខណៈក្រុមហ៊ុនរុស្ស៊ីចំនួន ១០រកបានតែ ៣៨ពាន់លានដុល្លារប៉ុណ្ណោះនៅឆ្នាំដូចគ្នា។
យ៉ាងណាមិញ បើទោះជាមានផលិតកម្មអាវុធធំជាងគេទី២ លើលោកយ៉ាងណាក្ដី ក៏ការនាំចេញទៅក្រៅប្រទេសរបស់ចិននៅមានកម្រិតនៅឡើយ។ ភាគច្រើននៃការផលិតរបស់ក្រុមហ៊ុនចិនទាំងនោះត្រូវបានទិញដោយ កងទ័ពរំដោះប្រជាជនចិន (PLA) ដែលជាកងទ័ពជាតិរបស់ចិន។
ក្នុងស្ថិតិនៃទីផ្សារអាវុធពិភពលោក ចិនជាប់លេខ ៥ ខាងនាំចេញអាវុធទៅស្រុកក្រៅ ដែលស្ថិតនៅពីក្រោយ សហរដ្ឋអាមេរិក រុស្ស៊ី បារាំង និងអាល្លឺម៉ង់។
ការនាំចេញភាគច្រើនគឺទៅកាន់ប្រទេសអាស៊ី ដែលមានប្រមាណ ៨៣% នៃការនាំចេញសរុប។ ចំណោមការនាំចេញទៅកាន់ប្រទេសអាស៊ីនោះទៀតសោត មានប្រទេសចំនួន ៣ ដែលជាអតិថិជនកំពូលរបស់ចិន។ ប្រទេសទាំងនោះគឺ ប៉ាគីស្ថាន បង់ក្លាដេស និងមីយ៉ាន់ម៉ា ដែល ៣ប្រទេសនេះសរុបចូលគ្នាមានប្រមាណ ៦៣,៤% នៃការនាំចេញអាវុធរបស់ចិនទៅអាស៊ី។
ទំនោរនេះហើយ ត្រូវបានមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់សហរដ្ឋអាមេរិក គូសបញ្ជាក់ថា ចិនមានបំណង «បំពាក់អាវុធទៅកាន់ប្រទេសជិតខាង»។
លោក Timothy Heath អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិស័យយោធាអន្តរជាតិនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ RAND Corporation បានប្រាប់សារព័ត៌មាន CNBC ថា ការនាំចេញអាវុធទៅកាន់ប្រទេសជិតខាងមានប្រយោជន៍សម្រាប់ចិនក្នុងការការពារគម្រោងវិនិយោគទុនធំៗរបស់ចិននៅប្រទេសទាំងនោះ ក៏ដូចជាការកាត់បន្ថយការចំណាយរបស់ PLA ដើម្បីការពារតំបន់នោះផងដែរ៕


ប្រភព៖
Explainer | How China grew from buyer to major arms trade player
71 military aircraft celebrate CPC centennial
https://www.globaltimes.cn/page/202107/1227561.shtml
How Dominant is China in the Global Arms Trade?
How Developed Is China’s Arms Industry?
ESTIMATING THE ARMS SALES OF CHINESE COMPANIES
https://www.sipri.org/sites/default/files/2020-01/sipriinsight2002_0_0.pdf
Global arms industry: Sales by the top 25 companies up 8.5 per cent; Big players active in Global South
STRENGTHS AND WEAKNESSES OF CHINA’S DEFENSE INDUSTRY AND ACQUISITION SYSTEM AND IMPLICATIONS FOR THE U.S
https://dair.nps.edu/bitstream/123456789/1541/1/SYM-AM-17-153.pdf