ឯកឧត្តម សាយ សំអាល់៖ កម្ពុជារៀបចំគោលនយោបាយសំខាន់ៗ ជាច្រើនសម្រាប់ដោះស្រាយបញ្ហាប្លាស្ទិក
រាជធានីភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងក្នុងពិធីសម្ពោធចាក់ផ្សព្វផ្សាយវីដេអូ ពីសំណល់ប្លាស្ទិករបស់អង្គការ UNDPថាបច្ចុប្បន្ននេះកម្ពុជាបានកំពុងដំណើរការ គោលនយោបាយ បញ្ហាប្លាស្ទិក សំខាន់ៗជាច្រើនក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក និងបានអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមដើម្បីសំដៅធ្វើយ៉ាងណាកុំឱ្យមានបញ្ហា តដល់មនុស្សជំនាន់ក្រោយបន្តទៀត។
ថ្លែងក្នុងសារវីដេអូនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានឱ្យដឹងថាបញ្ហាប្លាស្ទិកគឺជាបញ្ហាសាកល ហើយប្រទេសណាមួយក៏តែងជួបនូវបញ្ហាទាំងអស់នេះដូចគ្នា។ហេតុនេះបើយើងមិនចូលរួមដោះស្រាយពីពេលនេះទេ យើងនឹងជួបបញ្ហាតទៅមនុស្សជំនាន់ក្រោយទៀតជាក់ជាពុំខាន។
ឯកឧត្តមបានចាត់ទុកថាបញ្ហាប្លាស្ទិកនៅកម្ពុជា គឺជាបញ្ហារួមក្នុងការគ្រប់គ្រងសំណល់រឹងក្នុងទីប្រជុំជនទាំងអស់គ្នា។ក្នុងដំណើរការដោះស្រាយបញ្ហាប្លាស្ទិកនេះដែរ ក្រសួងបានរៀបចំគោលការចំនួន២ធំៗ ក្នុងនេះគឺ ក្របខណ្ឌនយោបាយ និងយុទ្ធសាស្រ្តដោះស្រាយបញ្ហាសំរាមនិងជ្រុងមួយទៀតគឺក្រសួងបានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ រួមទាំងបូកផ្សំជាមួយស្ថាប័នដែលទទួលការខុសត្រូវផង។ដោយឡែកក្រសួងក៏មានជ្រុងមួយទៀតគឺ វិធីសាស្រ្តដោះស្រាយជាក់ស្តែង។
ឯកឧត្តមសាយសំអាល់បានបន្តឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្រសួងបានផ្ទេរការទទួលខុសត្រូវបញ្ហាសំរាមនេះទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមយន្តការមួយគឺ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ហើយបញ្ហាភូមិ ឃុំ សង្កាត់ មានសុវត្តិភាព នេះគឺជាយន្តការសំខាន់បំផុត ក្នុងការដោះស្រាយបញ្ហាសំណល់រឹង តាមទីប្រជុំជននៅកម្ពុជា។
តាមរយៈនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមជឿជាក់ពលរដ្ឋកម្ពុជា ពិសេសតាមមូលដ្ឋាននឹងចូលរួមក្នុងការកាត់បន្ថយថង់ប្លាស្ទិកនេះទាំងនៅកម្ពុជាក៏ដូចជាការចូលរួមជាសាកលលោក។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា “ខ្ញុំជឿជាក់ថាការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ និង អនាគតរុងរឿងសម្រាប់យើងទាំងអស់គ្នា”។
ព្រមជាមួយគ្នា លោក Nick Bersford នាយក UNDP ប្រចាំនៅកម្ពុជា បានអំពាវនាវដល់ពលរដ្ឋកម្ពុជាក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់សំណល់បា្លស្ទិកទាំងអស់គ្នា។ជាមួយគ្នាលោកក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថានដែលបានចូលរួមដោះស្រាយបញ្ហាសំណល់រឹងនៅកម្ពូជា ។
នាយក UNDP ប្រចាំនៅកម្ពុជារូបនេះក៏បានថ្លែងអំណរគុណដល់ប្រទេស៊ុយអែត និងប្រទេសជប៉ុនដែលបានចូលរួមជួយផ្នែកហិរញ្ញវត្ថុក្នុងការដោះស្រាយបញ្ហាសំរាមបា្លស្ទិកនៅកម្ពុជាផងដែរ។ ដោយឡែក ឯកអគ្គរាជទូត ស៊ុយអែត ឯកឧត្តម Björn Häggmark បានថ្លែងថាប្រទេសស៊ុយអែត មានការប្តេជ្ញាចិត្តជាយូរណាស់មកហើយ ចំពោះការអភិវឌ្ឍន៍ប្រកបដោយចិរភាព ។ការកាត់បន្ថយ និងការកែច្នៃសំណល់ប្លាស្ទិកបានក្លាយជារឿងដែលមានសារៈសំខាន់ និងបន្ទាន់ដែលត្រូវធ្វើ។
ឯកឧត្តម បានឱ្យដឹងបន្ថែមថា ប្រទេសស៊ុយអែតចង់លើកកម្ពស់ការយល់ដឹងពីបញ្ហាសំណល់ប្លាស្ទិកនិងគាំទ្រមធ្យោបាយនានាដើម្បីដោះស្រាយបញ្ហានេះ។ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូត ប្រទេសជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់ដែរថា ជប៉ុន ពិតជារីករាយក្នុងការធ្វើការងារជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការបំពុលពីបញ្ហាបា្លស្ទិកក្នុងសមុទ្រ តាមរយៈគម្រោងទប់ស្កាត់នឹងសំណល់បា្លស្ទិកនៅក្នុងសមុទ្រ។ប្រទេសជប៉ុនប្តេជ្ញាជួយកម្ពុជាដោះស្រាយបញ្ហានេះ។
ឯកឧត្តមមានប្រសាសន៍ថា “យើងអាចរួមជាមួយគ្នាបង្កើតបាននូវអនាគតមួយសម្រាប់កម្ពុជាដែលមានបរិស្ថានស្តា និង សុវត្តិភាព”។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នក្នុងមួយថ្ងៃមានសំរាមប្រមាណជាង១ម៉ឺនតោន ដោយក្នុងមួយឆ្នាំមានជិត៤លានតោន ។ដោយក្នុងនេះ៧០ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិក និងក្រៅពីនោះជាសំណល់រឹង៕