ផ្ទះថ្មថ្មី ២ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជារាស្ត្រ ២គ្រួសារ នៅខេត្តកំពង់ស្ពឺ
ប្រជានុរាស្ត្រ២គ្រួសារ រស់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ រំភើបរីករាយឥតឧបមារ ពេលដែលខ្ទមចាស់របស់គាត់ បានប្រែក្លាយជាផ្ទះថ្មថ្មី ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីសម្ពោធប្រគល់ផ្ទះនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ។

លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង២ខ្នង និងលោកយាយលោកតាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញើរឱ្យយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ និងថែទាំផ្ទះថ្មីនេះឱ្យបានល្អ ជាទ្រព្យសម្បត្តិតរៀងទៅ។

ជាមួយគ្នានេះ លោកតាលោកយាយដែលអញ្ជើញក្នុងឱកាសនោះ បានចូលរួមសម្តែងនូវអំណរសាទរជាមួយម្ចាស់ផ្ទះថ្មីទាំង២ ដែលសុទ្ធតែជាអ្នកលំបាកបំផុតជាងគេ ព្រមទាំងបានបួងសួងថ្វាយព្រះពរចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងបួងសួងជូនពរដល់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដល់ប្រជានុរាស្ត្រគ្រប់រូប។

សូមបញ្ជាក់ថា ផ្ទះទាំងពីរខ្នងនេះ មានទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ ប្រក់ដំបូលស័ង្កសី ។ផ្ទះប្រគល់ជូនគ្រួសារទី១ គឺ លោកយាយ គឹម ពាន អាយុ ៧៣ឆ្នាំ រស់នៅជាមួយចៅប្រុសអាយុ១១ឆ្នាំ នៅភូមិគោល ឃុំមនោរម្យ និងគ្រួសារទី២ គឺ អ្នកស្រី ម៉េន រ៉ន អាយុ៥៤ឆ្នាំ ស្ត្រីមេម៉ាយចិញ្ចឹមកូនប្រុសម្នាក់ មានសតិមិនគ្រប់គ្រាន់ រស់នៅភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ១២០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង សម្ភារផ្ទះបាយ១ឈុត ១ឃីត និងថវិកា ៥០ម៉ឺនរៀល។ ដោយឡែក លោកយាយលោកតាចាស់ៗ ដែលរស់នៅជិតខាងចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន សំលៀកបំពាក់ថ្មី ១កំប្លេរ ៕






