សារព័ត៌មាន RIA៖ យន្តហោះមួយគ្រឿងផ្ទុកមនុស្ស២៨នាក់ទំនងជាធ្លាក់ចូលសមុទ្រនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី
រុស្ស៊ី៖ យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកមនុស្សសរុប២៨នាក់អាចនឹងធ្លាក់ចូលសមុទ្រនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេសរុស្ស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្របពេលដែលយន្តហោះនេះកំពុងត្រៀមខ្លួនចុះចតនៅលើដី នេះបើតាមទីភ្នាក់ងារសារព័ត៌មាន RIA ។
អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា យន្តហោះធុនមធ្យមនេះបានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡាណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំឡុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដា ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងអំពីជោគវាសនានៃយន្តហោះ និងមនុស្សទាំង២៨នាក់ខាងលើនេះនៅឡើយទេ ខណៈដែលអាជ្ញាធរអាកាសចរណ៍រុស្ស៊ីកំពុងព្យាយាមទាក់ទង និងអាចចាត់ចែងក្រុមសង្គ្រោះដើម្បីតាមស្វែងរក ។
គួរកត់សម្គាល់ យន្តហោះដែលកំពុងបាត់ដំណឹងខាងលើនេះ គឺជាប្រភេទ An-26 ផ្ទុកមនុស្សសរុប២៨នាក់ ក្នុងនោះ២២នាក់ជាអ្នកដំណើរ និង០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះនោះ ៕ ប្រភព៖ Reuters