ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ កិច្ចការពារសម្បត្តិ បេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យ ពលរដ្ឋខ្មែរចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្សដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។ ការអំពាវនាវនេះធ្វើឡើងមុន១ថ្ងៃនៃខួប១៣ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ថ្ងៃទី៧ កក្កដា ២០០៨) ។
តាមរយៈបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ សម្តេចបានសរសេរថា ៖ «កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗ ! ថ្ងៃស្អែកទី៧ កក្កដានេះគឺជាខួប១៣ ឆ្នាំ ហើយនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិចប្រទេសកាណាដាក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ សូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្សដើម្បីកូនចៅខ្មែរគ្រប់ជំនាន់» ។
សូមរំលឹកថាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កាលពី១៣ ឆ្នាំមុនជាថ្ងៃដ៏មហារីករាយនិងសែនសប្បាយ ជាពន់ពេកសម្រាប់ជាតិកម្ពុជាបន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាសម្បត្តិរបស់មនុស្សជាតិនាសម័យប្រជុំលើកទី៣២ នៅទីក្រុង កេបិកប្រទេសកាណាដាត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ។
ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិនិងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្សសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើលិខិតទៅអង្គការ យូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នុំសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ សម្តេចតេ ជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថាការដាក់ប្រសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុកដែលជាអាទិភាពនៃគោលនយោបាយបរទេសរបស់កម្ពុជា ។
មួយឆ្នាំក្រោយមកអង្គការយូណេស្កូបានឆ្លើយតបប្រកបដោយភាពវិជ្ជមានក្នុងការជួយរៀបចំឯកសារ សម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ ២០០៦ គណៈកម្មការ បេតិកភណ្ឌពិភពលោកបានឯកភាពទទួលយកសំណើរបស់កម្ពុជាហើយបានបញ្ជូនក្រុមការងារ ជំនាញបានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ ២០០៧ ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូបានសម្រេចដាក់ប្រាសាទដ៏ពិសិដ្ឋក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា ។
ការដែលអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺជា ជោគជ័យដ៏មហាសាលរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាម្ចាស់ កម្មសិទ្ធិលើប្រាសាទព្រះវិហារបន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ ។
ជោគជ័យជាប្រវត្តិសាស្ត្រ នេះបាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមាប្រជាពលរដ្ឋ ខ្មែរនៅទូទាំងប្រទេសកម្ពុជារួមទាំងនៅក្រៅប្រទេសផងបាននាំគ្នាស្រែកជ័យឃោស ដុតទៀន ទូងស្គ ប្រគំតន្ត្រី ជាដើម ។
បន្ទាប់ពីប្រាសាទត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌតែប៉ុន្មានថ្ងៃប៉ុណ្ណោះថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលមានចិត្តមុះមុតក្នុងការការពារជាតិនិង ទឹកដីនោះបានប្រឹងប្រែងតស៊ូទប់ទល់គ្រប់មធ្យោបាយទាំងកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឲ្យបាត់បង់នោះឡើយ ។
ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការតស៊ូមតិលើឆាកអន្តរជាតិនោះគឺការទាមទារឱ្យ តុលាការអន្តរជាតិទីក្រុងឡាអេបកស្រាយឡើងវិញនូវសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ជា លទ្ធផលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌ អន្តរជាតិបានយល់ស្របតាមសំណើ របស់កម្ពុជាដោយបានដាក់ចេញនូវវិធានការបន្ទាន់ដែលតម្រូវឱ្យភាគីទាំងពីរដកទ័ពចេញពីតំបន់គ្មាន កងទ័ពបណ្តោះអាសន្នទំហំ ១៧,៣ គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាពទទួលពិនិត្យលើសំណើ របស់កម្ពុជាសូមឲ្យបកស្រាយសាលដីកាឆ្នាំ ១៩៦២នេះ ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេច ឆ្នាំ ១៩៦២ ដែលប្តឹង ដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថាប្រាសាទព្រះវិហារគឺជារបស់សម្បត្តិរបស់កម្ពុជា។ ការសម្រេចនេះគឺ ជោគជ័យដ៏ធំរបស់ជាតិកម្ពុជាទាំងមូលក្នុងការ ប្រឹងប្រែងរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជា ដែលបន្សល់ទុកដោយដូនតាដូចដែល សម្តេចតេ ជោ ហ៊ុន សែន តែងតែបង្ហាញជំហរយ៉ាង ម៉ឹងម៉ាត់ថាមិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដី កម្ពុជាសូម្បីតែមួយមិល្លីម៉ែត្រនោះឡើយ ។
ដើម្បី អបអរសាទរចំពោះជោគជ័យដ៏ធំធេងនេះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិនៃការចងចាំចំពោះការដាក់ប្រាសាទព្រះវិហាររួមនិង ប្រាសាទសំបូរព្រៃគុកទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោក និងណែនាំឱ្យរៀបចំពិធីអបអរសាទរនេះឱ្យបានអធិកអធមថែម ទៀតផង ។
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក (៨០០ គុណ នឹង ៤០០ ម៉ែត្រការ៉េ ) ។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាង ប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ ។ ប្រាសាទព្រះវិហារមានចម្ងាយ ៤០៥ គីទ្បូមែត្រពីទីក្រុងភ្នំពេញតែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញវាមានចម្ងាយត្រឹមតែ១០៨ គីឡូម៉ែត្រ ប៉ុណ្ណោះដោយធ្វើដំណើរតាមផ្លូវលេខ ២១១ ទៅកាន់ស្រុកជាំក្សាន្ត ។ នៅឯភ្នំដងរែកនោះមានជណ្ដើរ មួយដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះ ភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវ នោះវាងាយស្រួលក្នុងការធ្វើដំណើរ ។
ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថាអំណាច នៃភ្នំហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ ៤អង្គ ព្រះនាម ៖ ព្រះបាទយសោ វរ្ម័នទី១ ( សាងសង់ក្នុង គ.ស ៨៨៩-៩១០) ព្រះបាទសូរ្យ វរ្ម័នទី១( សាងសង់ក្នុង គ.ស ១០០២-១០៥០) ព្រះបាទសូរ្យ វរ្ម័នទី ២( សាងសង់ ក្នុង គ.ស ១១១៣-១១៥០) និង ព្រះបាទជ័យ វរ្ម័នទី ៦ ( សាងសង់ក្នុង គ.ស ១០៨០-១១០៩) ។ ប្រាសាទព្រះវិហារ បានប្រគល់ឲ្យ ប្រទេសថៃដោយពួកអាណានិគមបារាំង នៅក្នុង ឆ្នាំ១៩៥៤ តែត្រូវ ទាមទារបានមក វិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ៕





