ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១៦០នាក់ទៀត ជាសះស្បើយ ចំនួន៩នាក់ និងស្លាប់ ១នាក់

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨០នាក់ សរុបថ្ងៃនេះចំនួន១៦០នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។

ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី២ ដល់ទី២១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី២២ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី២៣ ជាករណីឆ្លងមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២។ ក្នុងនោះ ករណីទី២៤ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ករណីទី២៥ ដល់ទី៣១ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៣២ ដល់ទី៣៣ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ ហ៊ុល សុខង៉ា ករណីទី៣៤ ជាអ្នកធ្វើដំណើរមកពីខេត្តកំពង់ធំ។ ជាមួយគ្នានេះ ករណីទី៣៥ ដល់ទី៦៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៦៤ ដល់ទី៨០ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

អ្នកជាសះស្បើយទាំង៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ សៀង ស្រីនី ភេទស្រី អាយុ៥១ឆ្នាំ អាសយដ្ឋានភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទី និងបានស្លាប់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨១៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦១៤នាក់ ស្លាប់១៩នាក់ និង១១៨១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner