ចិន​បើក​បង្ហាញ​​ពី​ផែនការ​កេណ្ឌទ័ព​​ក្នុង​សម័យ​សង្គ្រាម​ជា​លើក​ដំបូង​

ដោយ៖ ​ហួន​ ឌីណា

​យោង​តាម​សេចក្តី​ពង្រាង​ស្តី​ពី​ការ​ផ្លាស់ប្តូរ​បទ​បញ្ញត្តិ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន​ចិន​ កាល​ពី​ចុង​សប្ដាហ៍​មុន​ បុគ្គលិក​យោធា​ចូល​និវត្តន៍​ចិន​ត្រូវ​បាន​ចាត់ទុក​ជា​​អាទិភាព​ចម្បង​​សម្រាប់​ការ​កេណ្ឌ​ទ័ព​ក្នុង​សម័យ​សង្គ្រាម​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ហុងកុង​ The South China Morning Post ​ រាយការណ៍​អំពី​យុទ្ធសាស្រ្ត​​កេណ្ឌ​ទ័ព​របស់​ចិន​ដែល​ត្រូវ​​​បង្ហាញ​ជា​លើក​ដំបូង​​។​

​ការ​ផ្លាស់ប្តូរ​ដែល​បាន​ស្នើ​ឡើង​លើ​បទ​ប្បញ្ញត្តិ​នៃ​ការ​កេណ្ឌ​ទ័ព​នោះ​ រៀប​រាប់​​​អំពី​របៀប​ដែល​អាជ្ញាធរ​ចិន​​ជ្រើសរើស​ទាហាន​ជើង​ចាស់​ និង​ទាហាន​ដែល​ត្រូវ​បាន​កេណ្ឌ​​ផ្សេង​ៗ​ទៀត​​ ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ឈាន​ជើង​ចូល​សង្គ្រាម​។

​​យោង​តាម​បទ​ប្បញ្ញត្តិ​ ក្រុម​ប្រឹក្សា​រដ្ឋ​ឬ​គណៈ​កម្មា​ធិការ​យោធា​មជ្ឈិម​នឹង​ចេញ​បទ​បញ្ជា​ប្រមូល​ផ្តុំ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ពង្រាង​ទាហាន​ដល់​រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​យោធា​នៅ​កម្រិត​ផ្សេងៗ​។​​

សេចក្តី​ព្រាង​រៀប​រាប់​​ថា​ អតីត​យុទ្ធជ​ន​យោធា​គឺ​ជា​ក្រុមគោលដៅ​មួយ​​អាច​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​របស់​ខ្លួន​ ឬ​ត្រូវ​បាន​ដាក់​ទៅ​ទីតាំង​ស្រដៀង​គ្នា​នៅ​កន្លែង​ផ្សេង​ទៀត​ ខណៈ​ដែលពួក​អាជ្ញាធរ​មានតួនាទី​ក្នុង​ការ​ជួយអតីត​យុទ្ធជន​ចូលរួម​ជាមួយ​អង្គភាព​ទាំង​នោះ​។​

ដោយ​ត្រូវ​បាន​ចុះផ្សាយ​លើ​គណនី​ផ្លូវ​ការ​នៃ​បណ្ដាញ​សង្គម​ដ៌ពេញ​​និយម​ ​WeChat​ របស់​ក្រសួង​ ក្នុង​គោល​បំណង​សម្រាប់​មតិ​ឆ្លើយ​តប​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​សៅរ៍​  បទ​ប្បញ្ញត្តិ​ដដែល​បាន​បញ្ជាក់​ថា​៖​ «​ក្នុង​កំឡុង​ពេល​សង្គ្រាម​ នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ និង​កម្មករ​ ត្រូវ​ផ្តល់​អាទិភាព​ដល់​ទាហាន​ដែល​ត្រូវ​បាន​ជ្រើស​រើស​។​ ហើយ​អង្គការ​និង​បុគ្គលិក​ដទៃ​ទៀត​ក៏​គួរ​តែ​ជួយ​ពួក​គេ​ដែរ​»​។​

​ការ​កែ​សម្រួល​ចុង​ក្រោយ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ​២០០១​ ក៏​ប៉ុន្តែ​បទ​បញ្ញត្តិ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដំបូង​តាំង​ពី​ឆ្នាំ​ ១៩៨៥​ ។​

​ក្រៅ​ពី​​បង្ហាញ​ពី​របៀប​កំណែន​ទ័ព​ក្នុង​ពេល​សង្គ្រាម​ សេចក្តី​ព្រាង​នេះ​​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​បង្កើត​ប្រព័ន្ធ​អន្តរក្រសួង ​សម្រាប់​ការ​ជ្រើសរើស​ និង​ការ​ខិត​ខំ​ដើម្បី​រៀប​ចំ​ដំណើរ​ការ​នេះ​ ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ឌីជីថល​របស់​ប្រទេស​ចិន​។

​លោក​ Song​ Zhongping ​អតីត​គ្រូ​បង្វឹក​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ (PLA) ​បាន​និយាយ​ថា​ ការ​កែ​សម្រួល​គឺ​ចាំ​បាច់​ណាស់​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​ទូលំទូលាយ​នៅ​ក្នុង​ពិភព​លោក​ និង​ដើម្បី​រៀបចំ​ប្រទេស​ចិន​ឱ្យ​បាន​ប្រសើរ​ពេល​មាន​អាសន្ន​។​

​លោក​និយាយ​ថា​៖​ «​លើស​ពីនេះ​ទៅ​ទៀត​ ផ្នែក​ថ្មី​ស្ដី​ពី​ការធ្វើ​ទាហាន​នៅ​សម័យ​សង្គ្រាម​ អាច​ធ្វើ​ឱ្យ​ដំណើរការ​នេះ​កាន់​តែ​ទូលំ​ទូលាយ​។​ វា​សម​នឹង​តម្រូវការ​ជាក់​ស្តែង​របស់​ប្រទេស​ចិន​ ពី​ព្រោះ​ការ​ធ្វើ​កំណែន​អតីត​យុទ្ធជន​នៅ​ក្នុង​វិស័យ​យោធា​ អាច​បង្កើន​សមត្ថភាព​កងទ័ព​យ៉ាង​ឆាប់​រហ័ស​ប្រសិន​បើ​ចិន​ធ្វើ​សង្គ្រាម​ម្ដង​ទៀត​»​។​

​យ៉ាង​ណា​មិញ​ ការ​លាត​ត្រដាង​សេចក្ដី​ព្រាង​​រើស​ទ័ព​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​ទំនាក់​ទំនង​រវាង​ចិន​ ​លោក​ខាង​លិច​ និង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ បាន​ធ្លាក់​ចុះ​ជុំ​វិញ​បញ្ហា​ជាច្រើន​ដែល​រួម​មាន​តំបន់​ដែល​ចិន​អះអាង​ថា​ជា​របស់​ខ្លួន​ និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាដើម​។​

​កាល​ពី​ខែ​មករា​ លោក​ប្រធានាធិបតី​ចិន​ Xi Jinping ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំបាច់​សម្រាប់​ ​«​ការ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ពេញ​ម៉ោង​»​ ហើយ​បាន​និយាយ​ថា​ កង​ទ័ព​រំដោះ​ប្រជាជន​ត្រូវ​តែ​ប្រើ​ការ​ទន្ទ្រាន​ជួរ​មុខ​ដើម្បី​កែលំអ​សមត្ថភាព​របស់​កងទ័ព​ ហើយ​ស្នើរ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ដើម្បី​រក្សា​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​ចំណេះដឹង​ផ្នែក​យោធា​និង​បច្ចេកវិទ្យា​ខ្ពស់​។​

នៅ​ខែ​មីនា​លោក​​ Xi បាន​និយាយ​ថា​ យោធា​ចិន​ត្រូវ​តែ​ត្រៀម​ «​ដើម្បី​ឆ្លើយ​តប​»​ ចំពោះ​ស្ថានភាព​ស្មុគស្មាញ​ និង​ភាព​លំបាក​នៅ​ពេល​ដែល​ប្រទេស​នេះ​​ប្រឈមមុខ​​នឹង​បញ្ហា​សន្តិសុខ​។​

​ចាប់​តាំង​ពី​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​និង​ជា​ប្រធាន​នៃ​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ចុង​ឆ្នាំ​ ២០១២ ​មក​ លោក ​Xi​ បាន​ជំរុញកង​ទ័ព​រំដោះ​ប្រជាជន​  ​PLA ​ឱ្យ​ត្រៀម​សម្រាប់​សង្គ្រាម​ជារឿយៗ​។ ​គាត់​ក៏​បាន​ផ្តួច​ផ្តើម​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​នៃ​ PLA​ នៅ​ឆ្នាំ ​២០១៥ ​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធាចិន​ដែល​បាន​គ្រោង​បញ្ចប់​នៅ​ឆ្នាំ ​២០២០​។​​

ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ ​លោក ​Xi​ ក៏​បាន​ព្រមាន​ផង​ដែរ​លើ​ប្រទេស​ណា​ដែល​ប៉ុនប៉ង​ធ្វើ​បាប​ចិន​ នឹង​រង​នូវ​ការ​វាយប្រហារ​បក​វិញ​ ហើយ​លោក​ក៏​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុះមុត​ដែរ​លើ​ការ​​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់​ ដែល​ចិន​តែង​ប្រកាស​ក្ដែងៗ​ថា​ជា​អាណា​ខេត្ត​របស់​ខ្លួន​។​

ប្រភព៖
1. China spells out wartime conscription plans for first time https://www.scmp.com/news/china/military/article/3140064/china-spells-out-wartime-conscription-plans-first-time

2. Xi Jinping orders Chinese military to scale up combat readiness to ‘act at any second’ https://economictimes.indiatimes.com/news/defence/xi-jinping-orders-chinese-military-to-scale-up-combat-readiness-to-act-at-any-second/articleshow/80114309.cms?from=mdr

3. China marks Communist Party centennial with warning from Xi https://abcnews.go.com/International/china-marks-communist-party-centennial-warning-xi/story?id=78635827

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner