ការដកកងទ័ពអាមេរិកធ្វើឱ្យអាហ្វហ្គានីស្ថានប្រឈមនឹងហានិភ័យក្នុងការប្រែក្លាយជាប្រទេសកម្ពុជាទីពីរ

អត្ថបទដោយ៖
AMS OneMinute

លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាចុងក្រោយគេមុនកម្ពុជាធ្លាក់ចូលក្នុងអ្នករបបពិឃាដ ប៉ុល ពត បានហៅថ្ងៃ ១២ មេសា ១៩៧៥ ថាជាថ្ងៃដែលអាមេរិកបានបោះបង់កម្ពុជា និងប្រគល់ទៅឱ្យពេជ្ឈឃាដ។ លោកមានការព្រួយបារម្ភថាប្រទេសអាហ្គានីស្ថានអាចស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នានឹងកម្ពុជា បន្ទាប់ពីអាមេរិកដកកងទ័ពចេញ។

សរសេរនៅក្នុងសារព័ត៌មាន Nikkei Asia លោក Denis D Gray បាននិយាយថា តាលីបង់ប្រហែលជាមិនមានភាពសាហាវឃោរឃៅដូចខ្មែរក្រហមកុម្មុយនិស្តកម្ពុជាជ្រុលនិយមនោះទេ ប៉ុន្តែអ្នកអាចវាយតម្លៃពីកំណត់ត្រារបស់ពួកគេក្នុងអំឡុងពេលកាន់អំណាច ៥ឆ្នាំ (១៩៩៦-២០០១)៖ ការគាបសង្កត់លើស្ត្រី លក់មនុស្សជាច្រើនឱ្យទៅជាទាសភាពផ្លូវភេទ ការបំផ្លិចបំផ្លាញប្រពៃណីវប្បធម៌ និងការអប់រំ ការប្រហារជីវិត និងការសម្លាប់រង្គាលដែលមានលក្ខណៈជាប្រព័ន្ធ។

ជិតពីរទសវត្សមកនេះ សហរដ្ឋអាមេរិករួមជាមួយកម្លាំងបរទេសផ្សេងទៀតបានសំរេចដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានទាំងស្រុងហើយមនុស្សជាច្រើនជឿជាក់ថាពួកតាលីបង់កំពុងឆ្ពោះទៅរកជ័យជំនះក្នុងជម្លោះ ២០ឆ្នាំ។ លោក Bob Mulholland អតីតយុទ្ធជនប្រយុទ្ធនៅសង្គ្រាមវៀតណាម និងជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យបាននិយាយថា “មានតែកូនក្មេងបៀមដៃទេដែលមិនដឹងថាពួកតាលីបង់នឹងក្លាយជាអ្នកគ្រប់គ្រងរដ្ឋាភិបាលនៅឆ្នាំនេះ ឬឆ្នាំក្រោយ” ។

អ្នកជំនាញម្នាក់ទៀតគឺលោក Michael D Eiland បានថ្លែងថា “ការដកទ័ពចេញពីអាហ្វហ្គានីស្ថានអាចមើលឃើញថាជាភាពចាំបាច់ខាងយុទ្ធសាស្ត្រ និងនយោបាយ។ តែវាក៏ជាផ្នែកមួយនៃគុណធម៌ដែរ ព្រោះយើងគិតគូដល់អ្នកដែលនៅជាមួយយើង (ទ័ពអាមេរិក)។ យុទ្ធសាស្រ្តរបស់យើងគឺលួងលោម និងបោះបង់ចោល។”

ក្រុមតាលីបង់បានកាន់កាប់ស្រុកជាច្រើននៅទូទាំងប្រទេស។ ការវាយតម្លៃស៊ើបការណ៍សម្ងាត់របស់អាមេរិកបានលើកឡើងថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចនឹងធ្លាក់ទៅក្នុងក្រុមភេរវករក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីអាមេរិកដកទ័ពចេញទាំងស្រុង។

ប្រភពដើម៖ devdiscourse

ads banner