អ៊ីរ៉ង់ចាប់ផ្ដើមផលិតអ៊ុយរ៉ាន្យោមភាពសុទ្ធខ្ពស់ ធ្វើឱ្យអាមេរិក និងអំណាចអឺរ៉ុបខឹងសម្បារ

កាល​ពី​ថ្ងៃ​អង្គារ​ ទី​៦ កក្កដា ​ភ្នាក់ងារ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ប្រទេស​អ៊ីរ៉ង់​បាន​ចាប់​ផ្ដើម​ផលិត​លោហៈ​អ៊ុយរ៉ាន្យោម​ដែល​ភាព​សុទ្ធ​ខ្ពស់​ ហើយ​​សកម្មភាព​នេះ​គឺ​ខិត​ទៅ​ជិត​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ធ្វើ​ឱ្យ​អាមេរិក​ និង​ប្រទេស​ក្នុង​សហភាព​​អឺរ៉ុប​ចំនួន​បី​ខឹង​សម្បារ​។

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ (IAEA) បាន​រាយការណ៍​ពី​ផែនការ​នេះ​ ដែល​ក្រុង​តេហេរ៉ង់​បាន​អះអាង​ថា​ធ្វើ​ឡើង​ដើម្បី​សិក្សា​ការ​ធ្វើ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​សម្រាប់​ការ​ស្រាវជ្រាវ​។

មន្ត្រី​សហរដ្ឋអាមេរិក និង​អឺរ៉ុប​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​សម្រេច​ចិត្ត​របស់​អ៊ីរ៉ង់​ នឹង​ធ្វើ​ឱ្យ​មាន​ការ​ស្មុគស្មាញ​ ឬ​សូម្បី​បញ្ឈប់​ការ​ចរចា​ដោយ​ប្រយោល​រវាង​ក្រុង​វ៉ាស៊ីនតោន និង​តេហេរ៉ង់​ ក្នុង​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​អតីត​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​កាល​ពី​ឆ្នាំ​ ២០១៨​។

កិច្ចព្រមព្រៀង​នេះ​បាន​ដាក់​បម្រាម​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​តេអេរ៉ង់​ពិបាក​ក្នុង​ការអភិវឌ្ឍន៍​សម្ភារៈ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ បន្ទាប់​ពី​លោក​ត្រាំ​ដក​ខ្លួន​ចេញ​ អ៊ីរ៉ង់​បាន​ចាប់​ផ្ដើម​រំលោភ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​។ ទីក្រុង​តេហេរ៉ង់​បាន​ផលិត​លោហៈ​អ៊ុយរ៉ាន្យោម​ក្នុង​បរិមាណ​តិច​តួច​ និង​ភាព​សុទ្ធ​ទាប​នៅ​ឆ្នាំ​នេះ​។ នោះ​គឺ​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង ដែល​ហាមឃាត់​រាល់​ការងារ​ទាក់ទង​ការ​ផលិត​លោហៈ​អ៊ុយរ៉ាន្យោម​ដោយ​សារ​វា​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ស្នូល​នៃ​គ្រាប់​បែក​នុយក្លេអ៊ែរ​។ សុខ​​ វេងឈាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner