រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី០៧ កក្កដា រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន ក្នុងនោះកិច្ចពិភាក្សាផ្តោតលើ កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងបញ្ហាតំបន់ក៏ដូចជាបញ្ហាអន្តរជាតិមួយចំនួន រួមទាំងករណីប្រទេសមីយ៉ាន់ម៉ា។

លោកជំទាវ ម៉ារីស ផេន បានរំលឹកពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អូស្រ្តាលី នឹងបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់និងសមាហរណកម្មតំបន់។ លោកជំទាវ ក៏បានបញ្ជាក់ពីការគាំទ្រសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាឱ្យ សម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក៏ដូចជាត្រៀមខ្លួនក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ាន ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។

ads banner