កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃក្នុងចំនួនច្រើនបំផុតតាំងពីខែធ្នូ
មឹង ច័ន្ទសុម៉ានីតា
កាលពីថ្ងៃពុធ ទី៦ កក្កដា ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីជាង ១.២០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីចុងខែធ្នូមក នេះបើយោងតាម លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានប្រាប់កិច្ចប្រជុំប្រយុទ្ធប្រឆាំងកូវីដ១៩។
លោក Kim បាននិយាយថាវិធានការណ៍រក្សាគម្លាតសង្គម នឹងត្រូវបានអនុម័ត ហើយបន្តអនុវត្តនៅក្នុងពេលពីរទៅបីថ្ងៃ ខាងមុខនេះ ។ បន្ទាប់មក ក្រុមមន្ត្រីពាក់ព័ន្ធនឹងពិចារណាថាតើត្រូវរឹតបន្តឹងច្បាប់ដែលមានស្រាប់ នៅពេលដែលប្រទេសនេះ កំពុងប្រយុទ្ធនឹងរលកឆ្លងទីបួន ដែលបានបង្កដោយវីរុសកូរ៉ូណាបម្លែងដែលតា ដែលមានប្រភពមកពីប្រទេសឥណ្ឌា ហើយមានសមត្ថភាពចម្លងខ្លាំង និងលឿនជាងវីរុសបម្លែងផ្សេង។
លោក Kim បាននិយាយថាវីរុសនេះ បានរីករាលដាល យ៉ាងឆាប់រហ័ស ក្នុងចំណោមមនុស្សដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ក្នុងវ័យប្រហែល២០ ដល់ ៣០ ឆ្នាំ ។ គួរបញ្ជាក់ផងដែរថា ប្រហែល ៣០ ភាគរយនៃប្រជាជនសរុបចំនួន ៥២ លាននាក់របស់ប្រទេសនេះបានទទួលការចាក់វ៉ាក់សាំង កូវីដ១៩ យ៉ាងហោចណាស់មួយដូស។
ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ភ្ញៀវទេសចរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញគ្រប់ដូសអាចរំលងការធ្វើចត្តាឡឺស័ករយៈពេល ២ សប្ដាហ៍បាន ប្រសិនបើពួកគេមកលេង ក្រុមគ្រួសារ ឬធ្វើដំណើរដើម្បីហេតុផលសិក្សា ឬដើម្បីផលប្រយោជន៍សាធារណៈណាមួយ ហើយលុះត្រាតែពួកគេមិនបានធ្វើដំណើរឆ្លងកាត់ប្រទេសណាមួយក្នុងចំណោម ២១ ប្រទេស ដែលអាជ្ញាធរកូរ៉េខាងត្បូងចាត់ទុកជាប្រទេសមានហានិភ័យឆ្លងខ្ពស់។

ប្រភព៖
South Korea reports highest daily COVID-19 caseload in months
https://www.channelnewsasia.com/news/asia/south-korea-highest-daily-covid-19-cases-december-15170328
South Korea offers quarantine-free travel as Asia’s ‘zero-Covid’ economies stay isolated