សម្តេចក្រឡាហោមអំពាវនាវដល់កម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល បានអំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឱ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍។

ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។ សម្តេចក្រឡាហោម ស ខេង បានបន្តថា ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍
គឺ៖

  • កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
  • កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។
  • កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
  • មួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំប្រទេសក្នុងខែមិថុនា ឆ្នាំ២០២១ផងដែរ។ តាមរយៈលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ បានបង្ហាញឱ្យឃើញថា មានសកម្មភាពចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមានឡើងក្នុងភូមិសាស្ត្ររាជធានី ខេត្ត គឺក្នុងខែមិថុនានេះ យើងបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុប ៣៧៧ករណី (ធៀបនឹងខែឧសភា/២០២១, មាន ៤២៣ករណី) ថយចុះ ៤៦ករណី ស្មើនឹង១០៨ភាគរយ ក្នុងនោះ ករណីជួញដូរ រក្សាទុក ២៨១ករណី, ករណីប្រើប្រាស់ ៨៧ករណី, ករណីសំយោគ កែច្នៃ ០២ករណី, ករណីដាំដុះ ០៧ករណី។ ករណីគ្រឿងញៀនបង្ក្រាបដោយ សមត្ថកិច្ចនគរបាលចំនួន៣៥៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៧៦១នាក់ (ស្រី ៥៣នាក់) និងករណីគ្រឿងញៀនបង្ក្រាបដោយ សមត្ថកិច្ចកងរាជអាវុធហត្ថចំនួន ២៣ករណី ឃាត់ខ្លួនជន សង្ស័យចំនួន ៤៦នាក់ (ស្រី ០៣នាក់)។ ឃាត់ខ្លួនជនសង្ស័យសរុប មាន៨០៧នាក់ (ស្រី៥៦នាក់) (ធៀបខែឧសភា/២០២១, មាន ៩១៤នាក់) ថយចុះ ១០៧នាក់ ស្មើនឹង១១៧ភាគរយ ក្នុងនោះ ជនសង្ស័យក្នុងករណីជួញដូរ រក្សាទុក ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន ៥៨៤នាក់ (ស្រី៣៩នាក់) ២១៤នាក់ (ស្រី១៧នាក់), ជនសង្ស័យក្នុងករណីសំយោគ កែច្នៃ ០៩នាក់។

ក្រៅពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ក៏បានខិតខំធ្វើសកម្មភាពក្នុងផ្នែកផ្សេងៗទៀតដូចជាការងារអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន តាមសហគមន៍ តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ដែលមានអ្នកចូលរួមអាន និងស្តាប់រាប់លាននាក់។ ជាមួយគ្នានេះក៏មានសកម្មភាពកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនដូចជាការព្យាបាល ការស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ក្រៅពីនោះយើងក៏បានបង្កើនការងារសហប្រតិបត្តិការជាមួយប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននាខែមិថុនានេះ សូមសម្តែងការកោតសរសើរចំពោះសកម្មភាពប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបានរួមចំណែកដើម្បី ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសុខុមាលភាពសង្គម៕
ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner