អង្គការសហព័ន្ធសន្តិភាពសកល ស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់”

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់” បន្ទាប់ពីពិនិត្យឃើញថា សម្តេចតេជោជាឥស្សរជនមួយរូប ដែលបានប្រឹងប្រឹងក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកក្នុងកសាងសន្តិភាពនៅក្នុងតំបន់ផងដែរ។

សំណើស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់” នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាជាមួយថ្នាក់ដឹកនាំអង្គការសហព័ន្ធសន្តិភាពសកល តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។ នៅក្នុងជំនួបនេះ បានពិភាក្សាទៅការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការសហព័ន្ធសន្តិភាពសកល ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានស្តីពី«សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។ ក្រៅពីការជជែកលើការងាររៀបចំកិច្ចប្រជុំនេះ អង្គការសហព័ន្ធសន្តិភាពសកល ក៏បានស្នើសុំការអនុញ្ញាតសម្តេចតេជោ អញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះផងដែរ។ អង្គការសហព័ន្ធសន្តិភាពសកល ក៏បានស្នើសុំដាក់បេក្ខភាពសម្តេចតេជោ ហ៊ុន ជាម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពទៅលើប្រធានបទស្តីពី«សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលជាប្រធានបទមួយដ៏មានសារសំខាន់សម្រាប់ឆ្លើយតបស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមនឹងសំណើអញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំ និងការដាក់សម្តេចជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត Hak Ja Han Moon ភរិយារបស់លោក Sun Myung Moon ដើម្បីបន្តមរតកនៃការលះបង់អស់មួយជីវិតរបស់ស្វាមីលោកស្រីចំពោះសន្តិភាព។ ពានរង្វាន់នេះ ផ្តល់ជូនរៀងរាល់២ឆ្នាំម្តងដល់បុគ្គលដែលមានស្នាដៃលេចធ្លោលើផ្នែកអភិវឌ្ឍន៍មនុស្សប្រកបដោយចីរភាព ដោះស្រាយជម្លោះ និងការអភិរក្សអេកូឡូស៊ី ហើយមានតម្លៃជាទឹកប្រាក់១លានដុល្លារ។ កាលពីឆ្នាំ២០១៩កន្លងទៅអង្គការសហព័ន្ធសន្តិភាពសាកល បានផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ។

សូមជម្រាបថា មានបុគ្គលចំនួន៩រូបរួចមកហើយដែលទទួលបានពានរង្វាន់នេះចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៥ បុគ្គលទាំង៩រូបមានដូចជា៖
១. ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall,
២. លោក បាន គី ម៉ូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ
៣. បុព្វជិតប៉ាឡេស្ទីន Bishop Muhib Younan,
៤. លោកបណ្ឌិត Akinwumi Ayodeji Adesina ប្រធានធនាគាអភិវឌ្ឍន៍អាហ្វ្រិក,
៥. លោកស្រី Waris Dirie អ្នកសិល្បៈ និងជាសកម្មជនសង្គមនៅសុម៉ាលី,
៦. លោកបណ្ឌិត Gino Strada ស្ថាបនិកអង្គការវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់អន្តរជាតិ
៧. លោកស្រីបណ្ឌិត Sakena Yacoohi ស្ថាបនិកកម្មវិធីអប់រំជនភៀសខ្លួន និងសាលារៀនក្រោមដី
៨.លោក Anote Tong ប្រធានាធិបតី Kiribati
៩. លោកបណ្ឌិត M. Vijay Gupta អ្នកជីវវិទូ និងជលផលឥណ្ឌា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner