អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma យល់ព្រមប្រគល់ខ្លួនឱ្យប៉ូលីស

អតីត​ប្រធានា​ធិបតី​អាហ្រ្វិក​ខាង​ត្បូង​លោក ​Jacob​ Zuma ​កាល​ពី​ថ្ងៃ​ទី​​០៧​ កក្កដា​ បាន​យល់​ព្រម​ប្រគល់​ខ្លួន​លោក​ឱ្យ​ប៉ូលីស​ដើម្បី​ចាប់​ផ្ដើម​អនុវត្ត​ទោស​ជាប់​ពន្ធធនាគារ ​១៥​ ខែ​ពី​បទ​ប្រមាថ​តុលាការ​ បន្ទាប់​ពី​ប៉ូលីស​បាន​ព្រមាន​ថា​នឹង​ចាប់​ខ្លួន​លោក​បើ​សិន​ជា​​មិន​បង្ហាញ​ខ្លួន​។​

​លោក ​Zuma ​អាយុ ​៧៩​ ឆ្នាំ​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​ ២៩ ​មិថុនា​ បន្ទាប់​ពី​លោក​ខក​ខាន​មិន​បាន​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​​ក្នុង​អំឡុង​ពេល​ប្រាំបួន​ឆ្នាំ​កាន់​​អំណាច​របស់​លោក​ពី​ឆ្នាំ ​២០០៩ ​ដល់​ឆ្នាំ ​២០១៨​។​ ការ​កាត់​ទោស​នេះ​ បាន​បង្ក​ឱ្យ​មាន​រឿង​ល្ខោន​ផ្នែក​ច្បាប់​​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ជា​ប្រទេស​មិន​ធ្លាប់​ឃើញ​អតីត​ប្រធានា​ធិបតី​ណាមួយ​ជាប់​គុក​ទេ​ពី​មុន​មក​។​

​​ការ​ប្រគល់​ខ្លួន​នេះ ​​ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណេះ​បន្ទាប់​ពី​​ភាព​តាន​តឹង​ដែល​លោក ​Zuma​ និង​សម្ព័ន្ធមិត្ត​របស់​លោក ​បាន​និយាយ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ ដោយ​លើក​ឡើង​ថា​គ្មាន​ភស្តុតាង​​ច្បាស់​លាស់​។​

​​លោក ​Zuma​ បាន​ផ្តល់​សក្ខីកម្ម​តែ​ម្ដង​គត់​ នៅ​ពេល​សាកសួរ​អំពី​អ្វី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «​ការ​ចាប់​យក​របស់​រដ្ឋ​»​ ដែល​មាន​ន័យ​ថា​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​។​ អ្នក​ជំនួញ​រូប​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ បាន​ឃុប​ឃិត​ជាមួយ​អ្នក​នយោបាយ​ដើម្បី​ជះឥទ្ធិពល​ដល់ដំ​ណើរការ​នៃ​ការ​សម្រេច​ចិត្ត​ផ្សែងៗ​នៅ​ពេល​លោក​កំពុង​កាន់​តំណែង​។​ ប៉ុន្តែ​លោក​ Zuma ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​សម​គំនិត​នយោបាយ​។​

​ទោះ​បី​ជា​លោក ​Zuma​ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចេញ​ពី​ការិយាល័យ​ដោយ​គណបក្ស​សមាជជាតិអាហ្រ្វិក ​(ANC)​ដែល​ជា​គណបក្ស​របស់​ខ្លួន​កាល​ពី​ឆ្នាំ ​២០១៨ ​ក្ដី​ ​ក៏​អ្នក​នយោបាយ​រូប​នេះ​នៅ​​តែ​រក្សា​បាន​នូវ​ក្រុម​អ្នក​គាំទ្រ​ដ៏​ស្មោះត្រង់​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ KwaZulu-Natal​ ដែល​ជាស្រុក​កំណើត​របស់​លោក​។​

កាល​ពី​ថ្ងៃ​អាទិត្យ​​ ​ក្រុម​អ្នក​គាំទ្រ​លោក ​Zuma​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​លោក​ ក្នុង​គោល​បំណង​ដើម្បី​រារាំង​ការ​ចាប់​ខ្លួន​របស់​ប៉ូលីស​។ ​ហ្វូង​មនុស្ស​ស្រដៀង​គ្នា​នេះ​ បានប្រមូល​ផ្តុំ​គ្នា​មុន​ពេល​ដែល​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​ប្រកាស​​ប្រគល់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​។​

​លោក ​Zuma​ ធ្លាប់​ជា​ឥស្សរជន​នយោបាយ​ម្នាក់​ ដែល​​ធ្លាប់​ជាប់​គុក​ដោយសារ​តែ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ប្រកាន់​ពូជសាសន៍​​​​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ហើយ​ចៅក្រម​ជាន់​ខ្ពស់​បំផុត​របស់​អាហ្រ្វិកខាងត្បូង​ដែល​សម្រេច​ចោទ​ប្រកាន់​លោក​ពីបទ​ប្រមាថ​តុលាការ​នេះ​ហើយ​ ​ជា​អាណាព្យាបាល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​លោក​ធ្លាប់​បាន​តស៊ូ​ដើម្បី​ការពារ​។​

យ៉ាង​ណា​មិញ​ ការ​ចាប់​ខ្លួន​ឥស្សរជន​រូប​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជារឿង​ដ៏​មាន​មោទនភាព​មួយ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង​ ដោយ​ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​ទេ​ សូម្បី​តែ​អតីត​ប្រធានា​ធិបតី​ក៏​ដោយ​។​

​​​​កាល​ពី​មុន​លោក​ធ្លាប់​បាន​ប្រកាស​រួច​ម្ដង​ហើយ​ថា​ លោក​បាន​រៀប​ចំ​នឹង​ទទួល​ទោស​ជាប់​ពន្ធធនាគារ​ ប៉ុន្តែ​បាន​និយាយ​ថា​៖​ «​បើ​ឱ្យ​ខ្ញុំ​ជាប់​គុក​អំឡុង​ពេល​ប្រទេស​កំពុ​ង​ប្រឈម​មុខ​នឹង​ជំងឺ​រាតត្បាត​ នៅ​អាយុ​របស់​ខ្ញុំ​នេះ ​ដូច​កាត់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​អញ្ចឹង​»​។​

​នៅ​ក្នុង​បញ្ហា​ផ្លូវ​ច្បាប់​ដាច់​ដោយ​ឡែក​មួយ​ទៀត​ លោក ​Zuma​ បាន​សារភាព​កាល​ពី​ខែ​មុន​ថា ​ខ្លួន​មិន​មាន​កំហុស​ទេ ​ជុំវិញ​ការ​ជំនុំ​ជម្រះ​ក្តី​ប្រឆាំង​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​កិច្ចព្រម​ព្រៀង​ទិញ​អាវុធ​ចំនួន ​៥ ​ពាន់​លាន​ដុល្លារ​ពី​ទសវត្ស​ឆ្នាំ ​១៩៩០​ ។ ​ហួន​ ឌីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner