ពលរដ្ឋបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានជាង២លាន១សែននាក់គិតមកដល់ថ្ងៃទី០៧ខែកក្កដានេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានចំនួនជាង២លាននាក់ហើយ គិតមកដល់ថ្ងៃទី០៧ខែកក្កដានេះ ខណៈដែលតួរលេខនេះនៅខ្វះ១ថ្ងៃគឺថ្ងៃ០៨កក្កដា ដែលជាថ្ងៃបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់របស់លោកេជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិងជាប្រធាន គ.វ.ក ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈដែលលោកជំទាវ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ចើញប្រកាសបិទបញ្ចាប់ការចាក់វ៉ាក់សាំងនិងចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅវិទ្យាល័យជា ស៊ីម ជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី០៨ កក្កដានេះ។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
បានចាប់ផ្ដើម ចាក់ វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋ
កាលពីថ្ងៃទី ទី១០ខែកុម្ភៈឆ្នាំ២០២១ ហើយបើគិតមកដល់ត្រឹមថ្ងៃទី០៧ខែកក្កដាម្សិលមិញនេះ គឺមានប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ២១២៨៧៩១នាក់។ ចំណែកអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងនេះ មានចំនួន ២៣៨០៤នាក់ ដោយអ្នកទាំងនេះ ជាប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ពួកគាត់មិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន។
លោកជំទាវបន្តថា ការកើនឡើងចំនួនអ្នកចាក់រហូតដល់ជាង២លាន១សែននាក់ស្មើនឹង១២៣,៦៥
ភាគរយនេះ គឺដោយសារយើងបានចាក់អោយប្រជាពលរដ្ឋមកពីខេត្ត ពិសេសបងប្អូនកម្មករនិងជនបរទេសនៅស្រុកខ្មែរ ។ដោយឡែកសម្រាប់អ្នកនៅភ្នំពេញចំនួនភាគរយដែលប្រជាពលរដ្ឋបានចាក់គឺមានចំនួន៩៩,២២ភាគរយ ហើយយចំនួនដែលនៅសល់ គឺជាចំនួនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ខែកក្កដានេះ ហើយក្រុមគ្រូពេទ្យនឹងបន្តសកម្មភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដោយអនុវត្តទៅតាមយុទ្ធសាស្រ្តផ្ការីករបស់សម្ដេចតេជោហ៊ុនសែន ។
ក្នុងឱកាសនៅឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញតែម្តង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនប្រមាណ ជាង១លាន៧សែននាក់ ចំពោះ តួលេខដែលបានកើនឡើងរហូតដល់ជាង ជាង២លាន១សែននាក់នោះ គឺដោយសារតែមាន
បងប្អូនប្រជាពលរដ្ឋ ជាកម្មករកម្មការិនីនៅតាមខេត្តបានសម្រុកចាក់វ៉ាក់សាំងការពារកូវីត-១៩នៅភ្នំពេញហើយ ក្នុងនោះក៏មានជនបរទេស មកទទួលការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញនេះផងដែរ ។ ឯ ឧ ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែនដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតបញ្ចប់នៃការចាក់វ៉ាក់សាំងនៅថ្ងៃទី០៨ កក្កដានេះ ។
ឯ ឧ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាកសាំង២ដូសហើយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារកំណើននៃការឆ្លងកូវីដ-១៩នៅតែកើនមានក្នុង១ថ្ងៃពី២០០ទៅ៣០០នាក់នូវឡើយ ដែលតម្រូវឱ្យបងប្អូនត្រូវចេះការពារដោយខ្លួនឯងកុំឱ្យឆ្លងពីម្នាក់ទៅម្នាក់ទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner