ស៊ីហ្គេម លើកទី៣១ នៅវៀតណាម សម្រេចលើកពេលទៅឆ្នាំ២០២២វិញ ដោយសារស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលខ្លាំង

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលគ្រោងនឹងរៀបចំ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នោះ ត្រូវបានប្រទេសជាសមាជិកអូឡាំពិកក្នុងតំបន់អាស៊ានទាំងអស់ បានឯកភាពគ្នាតាមការស្នើរសុំលើកពេលរបស់ម្ចាស់ផ្ទះ ទៅខែមេសា ឬខែឧសភា ឆ្នាំ២០២២វិញ ។


នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ថ្លែងប្រាប់ក្រោយបញ្ចប់កិច្ចប្រជុំសមាជិកអចិន្រ្តៃយ៍ នៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាការរៀបចំការប្រកួតកីឡាស៊ីហ្គេម នារសៀលថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២១ តាមប្រព័ន្ធហ្សូម ។


ឯ ឧ បានបញ្ជាក់ថា ឆ្លងកាត់កិច្ចប្រជុំរយៈពេល២ម៉ោង សមាជិកទាំង១១ប្រទេស បានពិភាគ្សាលើរបៀបវីរៈចំនួន២ គឺទី១ ពិភាគ្សាលើបញ្ហាជំងឺកូវីដ១-៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទី២ ពិភាគ្សាអនុម័តលើការស្នើរសុំលើកពេល ស៊ីហ្គេម របស់វៀតណាម ។ ជាលទ្ធផល ផ្អែកលើស្ថានភាពជំងឺកូវីដ-១៩ នៅវៀតណាម និងបណ្តាប្រទេសមួយចំនួនទៀត នៅតែមានស្ថានភាពធ្ងន់ធ្ងរ ជាពិសេស ជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងជើងហោះហើរត្រូវបានបិទផងនោះ កិច្ចប្រជុំក៏បានសម្រេចចិត្តជាឯកច្ឆ័នតាមការស្នើសុំលើកពេល រៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅវៀតណាម ដែលគ្រោងរៀបចំ ថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ទៅដើមខែមេសា ឬចុងខែឧសភា ឆ្នាំ២០២២វិញ ។


ក្រោយកិច្ចប្រជុំសម្រេចលើកពេល ស៊ីហ្គេម លើកទី៣១ ឯ ឧ វ៉ាត់ ចំរើន បានអំពាវនាវឲ្យកីឡាករ កីឡាការិនី និងសហព័ន្ធកីឡាជាតិទាំងអស់យកលទ្ធផលសម្រេច នៃកិច្ចប្រជុំនេះទៅរៀបចំផែនការហ្វឹកហាត់ឲ្យបានសស្រាក់សស្រាំបន្ថែមទៀត ដើម្បីត្រៀមស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ ។ ឯ ឧ បន្តទៀតថា ការលើកពេលនេះមានរយៈពេលវែងមែន ក៏ប៉ុន្តែយើងអាចបាត់បង់ដោយសារជំងឺកូវីត-១៩ ដូច្នេះត្រូវយកវិបត្តិអោយក្លាយជាឱកាសល្អ បង្កើនគុណផល និងសិទ្ធផលឲ្យបានគត់មុត និងល្អប្រសើរ ដើម្បីឈានទៅដណ្តើមមេដាយ ស៊ីហ្គេម នៅវៀតណាម ដែលជាស៊ីហ្គេមយុទ្ធសាស្រ្តចុងក្រោយ បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ ។


ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯ ឧ វ៉ាត់ ចំរើន បានស្នើរសុំសមាជិក នៃកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ ឲ្យចូលរួមគាំទ្រផ្សព្វផ្សាយស៊ីហ្គេម នៅកម្ពុជា ដែលកំពុងបើកយុទ្ធនាការ ។ ជាមួយគ្នានេះ ប្រទេសជាសមាជិកទាំងអស់បានឯកភាព និងកោតសសើរកម្ពុជាថា ជាប្រទេសមានជំហរច្បាស់លាស់ ពិតប្រាកដ ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ អោយទទួលបានជោគជ័យគួរជាទីមោទន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner