សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការងារចំនួន ១០មាត្រា ត្រូវបានរាជរាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុង
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការររបស់ឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ថា កិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧”។
ឯកឧត្តម ផៃ ស៉ីផាន បានឱ្យដឹងថា “សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧” មានខ្លឹមសារសង្ខេបដូចខាងក្រោម៖
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។
- សារបាននៃការរៀបចំសេចក្តីព្រាងច្បាប់, ច្បាប់ស្តីពីការងារដែលរួមមាន១៩ជំពូក និង៣៩៦មាត្រាត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារនិងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈស្របពេលដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍវិស័យ ការងារដោយផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរីក ចម្រើនការវិនិយោគ នៃ វិស័យឯកជន ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងផលិត ស្បែកជើង។ ច្បាប់ស្តីពីការងារត្រូវបានធ្វើវិសោធនកម្មចំនួន២លើក រួចមកហើយ ដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០២០ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ចំនួន២មាត្រា ពាក់ព័ន្ធនឹងអត្រាប្រាក់ ឈ្នួលបន្ថែមម៉ោងនិង ការងារពេលយប់ និងដោយ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១០ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ចំនួន៨មាត្រាពាក់ព័ន្ធនឹង ប្រាក់បំណាច់អតីតភាពការងារ។
-គោលបំណងនៃសេចក្តីព្រាងច្បាប់, សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីកែសម្រួលបញ្ញត្តិមាត្រាចំនួន ៨ នៃច្បាប់ស្តីពីការងារក្នុងគោលបំណង៖
- កែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រ សហគ្រាស ដែលមានដំណើរការលើសពី ១វេនជាប្រចាំ ដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ ជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋ។
- ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទបុគ្គល ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
- លុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដែលដូចគ្នាទៅនឹង ការមិនលើកពេលឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យរបស់មន្ត្រីរាជការ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់និងសកលលោក។
- ផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់អធិការការងារឱ្យពិនិត្យបទល្មើស នៃច្បាប់ស្តីពីការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងស្របតាមភារកិច្ច ដែលមន្ត្រីរអធិការកិច្ចការងារត្រូវធ្វើ និងបានកំពុងធ្វើ។
- កែសម្រួលមាត្រាពាក់ព័ន្ធនឹងមាត្រាដែលត្រូវបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០០៧ និងឆ្នាំ២០១៨ ហើយមិនទាន់ត្រូវបានធ្វើវិសោធនកម្មឱ្យមានសង្គតិភាពនឹងគ្នា។
- ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់, សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា ៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ មាន ២មាត្រា៖
- មាត្រាមួយ ចែងអំពីការធ្វើវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា ៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា ៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ។
- មាត្រាពីរ ចែងអំពីការអនុវត្តច្បាប់នេះជាការប្រញាប់។
សេចក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការរក្សាឱ្យបាននូវភាពប្រកួតប្រជែងរបស់ប្រទេសស្របតាមការវិវត្តផ្នែកសង្គម-សេដ្ឋកិច្ចក្នុងតំបន់និងសកលលោក និងក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ៕ ដោយ វណ្ណលុក








