ក្រសួងប្រៃសណីយ៍បន្ថែមពេលវេលា ធ្វើការចែកចាយឧបរណ៍តេស្ដរហ័សអង់ទីហ្សែនកូវីដ-១៩
រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ពីការបន្ថែមពេលវេលាធ្វើការងារពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាចដើម្បីឱ្យទៅទទួលយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩។ការបន្ថែមពេលវេលានេះដើម្បីពន្លឿន និងសម្រួលក្នុងការទទួលយកឧបករណ៍មួយនេះ ឱ្យបានទាន់ពេលវេលា។
បើយោងតាមក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១នេះបានបញ្ជាក់ដល់ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ដែលបានដាក់បញ្ជាទិញ និងទទួលការបញ្ជាក់រួចរាល់ អាចអញ្ជើញទៅទទួលយកឧបករណ៍តេស្ដរហ័សតាមពេលវេលាកំណត់ខាងលើ ឬពេលវេលាកំណត់ដោយមន្ត្រីទទួលបន្ទុក។
ទោះយ៉ាងណាក្តីក្រសួងប្រៃសណីយ៍ក៏បានសុំឱ្យមានការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូន ដែលមានតម្រូវប្រើជាលក្ខណៈគ្រួសារមិនទាន់អាចដោះស្រាយជូនបានពេញលេញ ព្រោះជាគោលការណ៍ក្រសួងផ្តល់អាទិភាពជូនស្ថាប័នដែលមានបុគ្គលិកច្រើន ហើយកំពុងប្រឈមនឹងហានិភ័យ៕ដោយ៖ម៉ាដេប៉ូ
