ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្វែងយល់ពីស្ថានភាពរបស់ក្រុមគ្រូពេទ្យព្យាបាលអ្នកជម្ងឺកូវីដ-19 និងអ្នកជំងឺដែលកំពុងទទួលការព្យាបាល នៅតាមមណ្ឌលចត្តាឡីស័ក

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីចុះពិនិត្យមើលពីស្ថានភាពទីតាំងរៀបចំជាកន្លែងស្នាក់នៅនិងព្យាបាលអ្នកជំងឺកូវីដ-19ស្រាលៗ និងស្វែងយល់បន្ថែមពីស្ថានភាពប្រឈមនិងការលំបាកនានា របស់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលព្យាបាលទាំងនោះព្រមទាំងទទួលយកនូវសំណូមពរចាំបាច់មួយចំនួនពីក្រុមគ្រូពេទ្យ ពីអាជ្ញាធរនៃរដ្ឋបាលស្រុកនីមួយៗ ដើម្បីរិះរកនូវដំណោះស្រាយឆ្លើយតបសមស្របជូនដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនៅទីនោះ។ ក្នុងនោះរួមមាន៖ ស្រុកថ្មគោល បវេល សំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង។ 

       សកម្មភាពចុះត្រួតពិនិត្យមើល អំពីស្ថានភាពខាងលើនេះ គឺធ្វើឡើងនៅព្រឹក ថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២១ ដោយមានវត្តមាន អមដំណើរពីឯកឧត្តមជាអភិបាលរងខេត្ត ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តមជាទីប្រឹក្សាសម្តេចក្រឡាហោម និងថ្នាក់ដឹកនាំនៃមន្ទីរវិស័យជំនាញពាក់ព័ន្ធសំខាន់ៗមួយចំនួន។ ជាពិសេស លោកអ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកនិមួយៗ ផ្ទាល់ផងដែរ។

     ការចុះស្វែងយល់នេះគឺក្នុងគោលបំណងផ្តោតសំខាន់ ដើម្បីផ្តល់ នូវ កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ កងកម្លាំងនិងអ្នកពាក់ព័ន្ធ ដើម្បីជំរុញដល់ការយកចិត្តទុកដាក់ក្នុងការថែទាំនិងព្យាបាលដល់អ្នកជំងឺ។ការចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក និងការធ្វើចត្តាឡីស័ករបស់បងប្អូនពលករដែលកំពុង សម្រាកនៅក្នុងមណ្ឌលទាំងនោះ និងបានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការលើកកម្ពស់នូវវិធានការនានា ក្នុងការអនុវត្តនូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។ជាមួយគ្នានេះផងដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបន្តដំណើរចុះត្រួតពិនិត្យមើលនៅតាមបណ្តាច្រកទ្វារព្រំដែន ដូចជា៖ ច្រកទ្វារអន្តរជាតិគីឡូ១៣ (ភ្នំដី) ក្នុងស្រុកសំពៅលូនច្រកទ្វារតំបន់ អូររំដួល ក្នុងស្រុកភ្នំព្រឹក និងច្រកទ្វាតំបន់អូរអន្លក់(ស៊ួនស៊ុ) ក្នុងស្រុកកំរៀង ផងដែរ។​ ហើយនៅទីនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបងរួមនិងក្រុមការងារថ្នាក់ខេត្តទាំងអស់ ក៏បានចុះពិនិត្យមើលនូវទីតាំងពិនិត្យសុខភាពនិងធ្វើតេស្តយកវត្ថុសំណាកបងប្អូនដែលជាតៃកុងឡាននិងព្រូឡាន ដែលបើកបរឆ្លងកាត់ចេញ-ចូលដឹកទំនិញ និងអីវ៉ាន់(ថៃ-កម្ពុជា) ទាំងអ្នកបើកបរជនជាតិខ្មែរនិងថៃផងដែរ មុននិងអនុញ្ញាតិឲ្យរថយន្តឆ្លងចេញចូលទៅមក ដើម្បីដឹកទំនិញនិងអីវាន់នៅតាមច្រកនីមួយៗ។ ក្នុងករណីធ្វើតេស្តរហ័ស លើវត្ថុសំណាកដល់អ្នកបើកបរខ្មែរ-ថៃ និងព្រូឡាន ក្នុងករណីរកឃើញវិជ្ជមានកូវីដ-19 មន្ត្រីសុខាភិបាល និងកងកម្លាំងប្រចាំការនៅទីនោះ និងចាត់វិធានការបញ្ជូនយកទៅព្យាបាលក្នុងមណ្ឌលសុខភាព ដែលនៅជិតទីនោះភ្លាមៗ។

    សូមបញ្ជាក់ថា៖ចាប់តាំងពីមានការផ្ទុះរាតត្បាតជាសកលនូវជំងឺឆ្លងកូវីដ-19កើតមាននៅក្នុងខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះដោយយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងនិងពីការប្រកាសព័ត៌មាន របស់ រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ អ្នកជំងឺកូវីដ-19 សរុបចំនួន ១.៤៦០នាក់។ បានព្យាបាលឲ្យជាសះស្បើយ សរុបចំនួន ៦៧៨នាក់។មានករណីអ្នកជំងឺស្លាប់ សរុបចំនួន០៩នាក់(ជនបរទេសម្នាក់) និងកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកក្រុងនិងនៅតាមណ្ឌលសុខភាពនានា សរុបចំនួន ៧៧៣នាក់។

       ដោយឡែកនៅថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានជូនដំណឺងដល់ប្រជាពករដ្ឋទូទៅ ដែលរស់នៅក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបង អំពីទីតាំងចំនួន០៨កន្លែង ដែលត្រូវផ្តល់និងធ្វើការចាក់វ៉ាក់សាំង”ស៊ីណូហ្វាម” ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលមានអាយុ ចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំដែលរស់នៅក្នុងក្រុងបាត់ដំបងដើម្បីជាវិធានការណ៍ក្នុងការទប់ស្កាត់ពីការឆ្លងនិងចម្លងពីជំងឺកូវីដ-19។ ហើយទីតាំងនៃការចាក់វ៉ាក់សាំងទាំង៨កន្លែងនោះ៖ទីតាំងទី១. នៅបរិវេណវិទ្យាល័យក្តុលដូនទាវ (សំរាប៎ប្រជាជន សង្កាត់ក្តុល និងសង្កាត់ស្លាកែត)។ទីតាំងទី២.នៅអនុវិទ្យាល័យវត្តដំរីស(សំរាប់ប្រជាជនសង្កាត់ទួលតាឯក)។ទីតាំងទី៣. នៅអនុវិទ្យាល័យសោហឺ(សំរាប់ប្រជាជនសង្កាត់ស្វាយប៉ោ)។ទីតាំងទី៤.អតីតគរុកោសល្យនិងវិក្រិត្យការបាត់ដំបង(សំរាប់ប្រជាជន សង្កាត់ព្រែកព្រះស្តេច)។ទីតាំងទី៥.មជ្ឈមណ្ឌលសុភមង្គលក្រុងបាត់ដំបង អគារC.(សំរាប់ប្រជាជនសង្កាត់វត្តគរនិងសង្កាត់អូរម៉ាល់)។ទីតាំងទី៦.មណ្ឌលសុខភាពចំការសំរោង (សំរាប់ប្រជាជនសង្កាត់ចំការសំរោង)។ទីតាំងទី៧. បរិវេណបុរីរំចេក ភូមិរំចេក៤ (សំរាប់ប្រជាជន សង្កាត់រតនៈ)។និងទីតាំងទី៨. ផ្សារបន្លែភួពុយ (សំរាប់ប្រជាជន សង្កាត់អូរចារ) ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner