ស្ថាបនិកក្លិបបាល់ទាត់ក្នុងសាល YOUNGCHESTER FC ប្តេជ្ញាដឹកនាំក្លិបឲ្យក្លាយជាក្លិបមានសក្កានុពលក្នុងការប្រកួតបាល់ទាត់ហ្វូតសាលថ្នាក់ជាតិ

លោក ផៃ បរិញ្ញា អតីតកីឡាករបាល់ទាត់ក្លិបបឹងកេត និងក្លិបព្រះខ័ណ្ឌរាជស្វាយរៀង ឈុតយុវជន កាលពីអំឡុងឆ្នាំ២០១២ដល់ឆ្នាំ២០១៤ ឥលូវនេះ បានវិវត្តខ្លួនក្លាយជាស្ថាបនិក និងជាគ្រូបង្វឹកក្លិបបាល់ទាត់ក្នុងសាល YOUNGCHESTER FC ត្រៀមចូលរួមការប្រកួតបាល់ទាត់ហ្វូតសាលថ្នាក់ជាតិ រដូវកាលថ្មី ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ស្ថាបនិក និងជាគ្រូបង្វឹក ក្លិបបាល់ទាត់ក្នុងសាលមួយនេះ បានបង្ហើបថា វាកើតចេញពីឆន្ទៈ និងក្តីស្រលាញ់បាល់ទាត់ចាប់តាំងពីវ័យក្មេងមកម្ល៉េះ ទើបធ្វើអោយលោកក្លាយជាចំណែកមួយចូលរួមអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងសាលកម្ពុជាឲ្យរីកចំរើន និងមានការទទួលស្គាល់ពីបណ្តាប្រទេសនានាថា កម្ពុជាក៏មានបាល់ទាត់ក្នុងសាលមានសក្តានុពលដែរ ។


អតីតកីឡាករបាល់ទាត់រូបនេះ ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលពីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី និងទទួលបាន licence កម្រិត១ បានយកបទពិសោធន៍ មកចែករំលែកដល់កីឡាករ ដើម្បីដឹកនាំក្លិបឲ្យមានសក្តានុពលទាំងឆាកជាតិ និងអន្តរជាតិនាពេលអនាគត ។



សូមបញ្ជាក់ថា ក្លិបបាល់ទាត់ក្នុងសាល YOUNGCHESTER FC បានបង្កើតឡើង ក្នុងឆ្នាំ២០១១លេងក្នុងទីលានធំ ក្រោយមកប្តូរមកលេងក្នុងសាលនេះ ដោយចូលរួមការប្រកួតបាល់ទាត់ហ្វូតសាលថ្នាក់ជាតិ ។



គួររំលឹកថា លោក ផៃ បរិញ្ញា ជាស្ថាបនិកក្លឹប YOUNGCHESTER FC ធ្លាប់លេងក្លិបបាល់ទាត់អាជីពបឹងកេត និងក្លិបព្រះខ័ណ្ឌរាជស្វាយរៀង ឈុតយុវជនក្នុងឆ្នាំ២០១២ដល់ឆ្នាំ២០១៤ បន្ទាប់មកផ្លាស់ប្តូរមកលេងក្នុងពានរង្វាន់ពាក់កណ្តាលអាជីពរហូតដល់បច្ចប្បន្ន ៕
