ប្រទេសហៃទី 🇭🇹 បានស្នើសុំជំនួយយោធាពីអង្គការសហប្រជាជាតិ (UN) និងអាមេរិក ដើម្បីការពារហេដ្ឋរចនាសម្ព័ន្ធនានារបស់ខ្លួន

អត្ថបទដោយ៖
AMS OneMinute

ប្រទេសហៃទី 🇭🇹 បានស្នើសុំជំនួយយោធាពីអង្គការសហប្រជាជាតិ (UN) និងអាមេរិក ដើម្បីការពារហេដ្ឋរចនាសម្ព័ន្ធនានារបស់ខ្លួន រួមមានអាកាសយានដ្ឋាន និងកំពង់ផែ ដែលពួកគេជឿជាក់ថានឹងក្លាយជាគោលដៅនៃការវាយប្រហារ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise។ នេះបើតាម Reuters នៅថ្ងៃទី១០ កក្កដា។

សំណើរត្រូវបានលើកឡើងនៅក្នុងការសន្ទនារវាងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន Claude Joseph និងរដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតនៃប្រទេសហៃទី លោក Mathias Pierre បានបញ្ជាក់ថា ការស្នើសុំជំនួយយោធាអាចធានាបានថា ការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី២៦ កញ្ញាខាងមុខនេះ អាចនឹងប្រព្រឹត្តទៅតាមការគ្រោងទុក។

ដោយឡែក អាមេរិកមិនទាន់ឯកភាពទេ តែសន្យាជួយលើការស៊ើបអង្កេត។ អង្គការសហប្រជាជាតិមិនទាន់សម្រេចចិត្តនៅឡើយទេ។

ការបាញ់សម្លាប់ប្រធានាធិបតីហៃទី ដោយក្រុមខ្មាន់កាំភ្លើងនៅព្រឹកថ្ងៃទី៧ កក្កដា បានធ្វើឱ្យហៃទីធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិនយោបាយ ភាពអត់ឃ្លាន អំពើហឹង្សាជាក្រុម និងការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ប្រភព៖ Reuters

ads banner