ប្រទះឃើញគ្រាប់បែកដៃជាង ៣០០គ្រាប់ នៅកណ្តាលក្រុងសៀមរាប

ខេត្តសៀមរាប៖ គ្រាប់បែកដៃប្រមាណជាង ៣០០គ្រាប់ ត្រូវបានប្រទះឃើញនៅកណ្តាលក្រុងសៀមរាប ដោយក្រុមការងារជីកបង្កប់បំពង់លូរខ្សែកាបទូរគមនាគមន៍។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានថ្លែងប្រាប់ អ្នកយកព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះថា កាលពីរសៀលថ្ងៃទី១០នេះ ក្រុមការងារជីកបំពង់លូរខ្សែកាប បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាប្រភេទគ្រាប់បែកដៃ នៅជាប់របងវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា តាមលោកដឹងទីតាំងនោះ ជាសាលារៀននៅសម័យលន់ ណុល ។ លុះដល់សម័យខ្មែរក្រហម ទីតាំងសាលារៀនេះត្រូវបានពួកនោះយកធ្វើជាឃ្លាំងគ្រាប់។ លុះដល់ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ទីតាំងខាងលើត្រូវបានយកមកធ្វើជាសាលារៀនវិញ។

យោងតាមសេចក្តីរាយការណ៍របស់លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមម៉ោង១៦រសៀលនេះ មន្ត្រីនគរបាលមកពីអង្គរភាពគ្រប់គ្រងអាវុធជាតិផ្ទុះ និងមន្ត្រីស៊ីម៉ាក់(CMAC) បានរកឃើញគ្រាប់បែកដៃចំនួន៣២៥គ្រាប់។

បើទោះជាយ៉ាងណា តាមលោក សុខ សីហា ចំនួននេះនៅមិនទាន់អស់នៅឡើយទេ ដែលតាមការប៉ាន់ប្រមាណ អាចមាននៅសេសសលប្រមាណ២០ភាគរយទៀត។ លោកឲ្យដឹងថា ចំពោះទីតាំងខាងលើមន្ត្រីជំនាញ បានសម្រេចហ៊ុព័ទ្ធទុកសិន ដើម្បីរុករកគ្រាប់ដែលនៅសេសសល់ជាបន្តទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner