វ៉ាក់សាំង “ស៊ីណូហ្វាម”ចំនួន១០ម៉ឺនដូស ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើការចាក់ជូនប្រជាជនរស់នៅក្នុងសង្កាត់ទាំង១០ នៃ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី១២ ខែកក្កដា នេះតទៅ

អត្ថបទដោយ៖
Kien Sereyvuth

  ក្រោយពីទទួលបាននូវវ៉ាក់សាំងការពារជម្ងឺកូវីដ-19 ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលដែលបានធ្វើការបែងចែកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចំនួន១០ម៉ឺនដូស ថ្មីៗនេះ។ តាមការជូនដំណឹង របស់ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងបាត់ដំបង យ៉ាងជាក់លាក់សម្រាប់ធ្វើការផ្តល់និងចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១តទៅ ដែលធ្វើឡើងតាមទីតាំងដែលត្រូវចាក់វ៉ាក់សាំងចំនួន៨ទីតាំង ដើម្បីធ្វើការចាក់ជូនប្រជាពលរដ្ឋដែលរស់នៅតាមសង្កាត់នីមួយៗក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ដែលមានអាយុ ចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំដើម្បីជាវិធានការណ៍ក្នុងការទប់ស្កាត់ពីការឆ្លងនិងចម្លងពីជំងឺកូវីដ-19។ ហើយទីតាំង នៃការចាក់វ៉ាក់សាំងទាំង៨កន្លែងនោះ រួមមាន៖ទីតាំងទី១. នៅបរិវេណវិទ្យាល័យក្តុលដូនទាវ(សំរាប៎ប្រជាជនរស់នៅសង្កាត់ក្តុល និងសង្កាត់ស្លាកែត)។ទីតាំងទី២.នៅអនុវិទ្យាល័យវត្តដំរីស (សំរាប់ប្រជាជនរស់នៅសង្កាត់ទួលតាឯក)។ ទីតាំងទី៣. នៅអនុវិទ្យាល័យសោហឺ (សំរាប់ប្រជាជនរស់នៅ សង្កាត់ស្វាយប៉ោ)។ ទីតាំងទី៤. អតីតគរុកោសល្យ និង វិក្រិត្យការបាត់ដំបង (សំរាប់ប្រជាជនរស់នៅក្នុងសង្កាត់ព្រែកព្រះស្តេច)។ ទីតាំងទី៥. មជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង អគារC.( សំរាប់ប្រជាជនរស់នៅសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់)។ ទីតាំងទី៦.មណ្ឌលសុខភាពចំការសំរោង (សំរាប់ប្រជាជនរស់នៅ សង្កាត់ចំការសំរោង)។ ទីតាំងទី៧. បរិវេណបុរីរំចេក ភូមិរំចេក៤ (សំរាប់ប្រជាជន រស់នៅសង្កាត់រតនៈ)។ និងទីតាំងទី៨. ផ្សារបន្លែ ភួ ពុយ (សំរាប់ប្រជាជន រស់នៅសង្កាត់អូរចារ) ។

        ការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ទូទៅចំនួន១០ម៉ឺននាក់ក្នុងក្រុងបាត់ដំបង ដែលរដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត បានធ្វើការចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ-19ប្រភេទស៊ីណូហ្វាម Sinopham​ ជូនដល់ប្រជាពលរដ្ឋនេះ គឺបន្ទាប់ពីទទួលបាននូវវ៉ាក់សាំងចំនួន១០ម៉ឺនដូសពីរាជរដ្ឋាភិបាល ខណៈដែលខេត្តបាត់ដំបង នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ-19ជាបន្តបន្ទាប់ក្នុងតួលេខខ្ពស់ជាប្រចាំថ្ងៃនិងគួរឲ្យបារម្ភ។

        នៅក្នុងឱកាសចុះពិនិត្យពីការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ ដែលជាថ្ងៃចាប់ផ្តើមចាក់នៅក្នុងក្រុងបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ នេះជាជំហានដំបូង ដែលអាជ្ញាធរ បានចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-19 ជូនដល់ពលរដ្ឋរស់នៅសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបងជាមុខសិន ដោយកំណត់ចាក់នៅតាមទីតាំងទាំង៨ ខាងលើព្រមគ្នា។ហើយជាបន្ទាប់ទៀតនោះ នឹងបន្តចាក់ជូនប្រជាពលរដ្ឋនៅស្រុកចំនួន៥ទៀត ដូចជា៖ ស្រុកឯកភ្នំ, ស្រុកបាណន់, ស្រុកមោងឫស្សី, ស្រុកថ្មគោល និងស្រុកសំពៅលូន។ 

      ក្នុងការចុះពិនិត្យមើលនេះ ឯកឧត្តមក៏បានធ្វើការកត់សម្គាល់ឃើញថា៖កិច្ចដំណើរការនូវក្នុងការចាក់ក្នុងថ្ងៃដំបូងនេះ កន្លែងខ្លះមានការរអាក់រអួល និងកន្លែងខ្លះមានការរលូនល្អ។ក៏ប៉ុន្តែទោះបីយ៉ាងណាក្រុមការងារមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរ ក៏កំពុងតែសហការគ្នា ដើម្បីធ្វើការកែតម្រូវ ឲ្យការចាក់វ៉ាក់សាំងដូសទី១ សម្រេចបានតាមផែនការគ្រោងទុក។

      តាមការគូសបញ្ជាក់ពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖យុទ្ធនាការក្នុងការផ្តល់និងចាក់វ៉ាក់សាំង “ស៊ីណូហ្វាម” Sinophamសម្រាប់ដូសលើកទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងនេះ គឺធ្វើឡើងរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១២ខែកក្កដានេះតទៅ។ លោកអភិបាលក្រុងបាត់ដំបង ក៏បានឲ្យដឹងផងដែរថា៖ តាមផែនការគ្រោងទុក ការចាក់វ៉ាក់សាំង នៅតាមមណ្ឌលទាំង៨ និងទីតាំងចាក់នីមួយៗ គឺ៖យ៉ាងហោចណាស់ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបានក្នុង១ថ្ងៃ យ៉ាងតិចចំនួន ៦០០នាក់។

       ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋទូទៅតាមបណ្តាស្រុកនានាក្នុងខេត្តដែលមិនទាន់ទទួលបាននូវការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ-19 ឲ្យដឹងផងដែរថា៖ ការផ្តល់ការចាក់វ៉ាក់សាំងនេះក្នុងក្រុងបាត់ដំបងនេះ គឺជាគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ធ្វើការចាក់នៅតំបន់ដែលជាទីប្រជុំជន ដែលប្រជាជនរស់នៅប្រមូលផ្តុំច្រើនមុនគេ។ ជាពិសេស ក្រុងបាត់ដំបងនេះតែម្តង ហើយក៏ជាយុទ្ធសាស្ត្រក្នុងការកាត់ផ្តាច់ពីការឆ្លងនិងការចម្លងចូល ទៅក្នុងសហគមន៍ ផងដែរ។តែទោះបីយ៉ាងណាជាគោលការណ៍បន្តបន្ទាប់ គឺ៖ការចាក់វ៉ាក់សាំងការពារកូវីដ-19 និងបន្តធ្វើទៅកាន់ស្រុកផ្សេងៗទាំងនោះផងដែរ ក្រោយពីអាជ្ញាធរខេត្ត ទទួលបានការបែងចែកវ៉ាក់សាំងពីប្រមុខរាជរដ្ឋាភិបាល ជាបន្តបន្ទាប់ ទៀតនោះ។

     ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទាំងអស់ គឺត្រូវអនុវត្តនូវវិធានមួយចំនួនតាមការណែនាំរបស់មន្ត្រីសុខាភិបាល ដែលពាក់ព័ន្ធក្រោយពីការចាក់វ៉ាក់សាំងរួចតំរូវឲ្យមានការតមចំណីអាហារផ្សេងៗនិងត្រូវអនុវត្តនូវវិធានការ ៖៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ដោយមិនត្រូវធ្វេសប្រហែស ដោយប្រការណាឡើយ។

      សូមបញ្ជាក់ផងដែរថា៖ កន្លងមក ក្នុងការបើកនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ-19ជាបន្តបន្ទាប់កន្លងទៅក្នុងខេត្តបាត់ដំបង ក្នុងនោះអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចាក់ជូនមន្ត្រីរាជការ កងកម្លាំង អ្នកមានអទិភាព រួមទាំងគ្រួសារអតីតទ្ធជន នូវប្រភេទវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ បានប្រមាណជាង០៤ម៉ឺននាក់ រួចមកហើយផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner