ក្រសួងការបរទេសកម្ពុជា តវ៉ាក្រុមហ៊ុនឥណ្ឌាមួយដែលប្រើឈ្មោះ និងរូបប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន
ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យស្ថានឯអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌាឱ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់ផលិតផលរបស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
បន្ទាប់ពីទទួលការតវ៉ា ក្រុមហ៊ុនឥណ្ឌានេះបានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់របស់ខ្លួនតាមការតវ៉ារបស់ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេសប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដែលកំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្តដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។
ប្រភពដដែលបន្តថា ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា ឱ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។ ជាលទ្ធផលក្រុមហ៊ុនឥណ្ឌានេះ បានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ៕
ដោយៈពលជ័យ