ឃាត់ខ្លួនក្រុមអ្នកពាក់ព័ន្ធរឿងលួចលក់ដី នៅខណ្ឌព្រែកព្នៅ ៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ
ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន៣នាក់ ក្នុងនោះត្រូវបានគេស្គាល់ម្នាក់មានឈ្មោះ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចលក់ដីអ្នកដទៃមានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨កន្លងទៅ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ (22900m2) ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវី អស់ចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យ លោក យិន អ៉ឺម ចៅសង្កាត់សំរោង បួនម៉ឺនដុល្លារអាមេរិក ជាថ្លៃធ្វើឯកសារលក់ដីខាងលើ ហើយនិងចែកបងប្អូនចំពោះខ្លួន គឺ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី ហើយចំពោះប្រាក់ចំនួន ១៥ម៉ឺនដុល្លារនោះ ឈ្មោះ ឡុង ដារ៉ា បានទទួលពីឈ្មោះ ស ថាវី អ្នកស្រី ឡោក ខេង តាមរយៈមូលប្បទានបត្ររបស់ធនាគារកាណាឌីយ៉ា។
ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមានលោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង។
សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនទាំង ៣នាក់ មានទាំងមេខ្លោងឈ្មោះ ឡុង ដារ៉ា ផងកំពុងស្ថិតក្នុងចំណាត់ការ បើកការស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕