សំណល់ថ្មពិលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្សយើង

រាជធានីភ្នំពេញ៖សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសំណល់នេះមានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។ ដូចនេះ ការទុកដាក់ ឬ បោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវនឹងបង្កអោយមានការសាយភាយសារគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

ចំពោះផលអាក្រក់ដែលកើតចេញពីថ្មពិល ហើយតែងបង្កការប៉ះពាល់ ដល់សុខភាពមនុស្សយើងមានដូចជា៖

(១)បង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង

(២)បង្កឱ្យខូចប្រព័ន្ធប្រសាត ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ

(៣)បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា

(៤)បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី

(៥)បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬ ទារកក្នុងផ្ទៃ

ក្រសួងបរិស្ថានបានឱ្យដឹងថាដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់ ក្រសួងបរិស្ថានបានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិលនៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉លនិងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ។

ក្រសួងបរិស្ថាននឹងបន្តដាក់ធុងសំណល់ថ្មពិលនៅតាមទីតាំងផ្សេងទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយកសំណល់ថ្មពិលមកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយលំជាមួយសំណល់ធម្មតា ប្រមូលសំណល់ថ្មពិលយកមកទុកដាក់អោយបានត្រឹមត្រូវ ។

ទន្ទឹមជាមួយគ្នានេះដែរ ក្រសួងបរិស្ថានបានថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដើម្បីបរិស្ថានយើង គ្មានសំណល់ថ្មពិល។

ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះ៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner