ប្រធានាធិបតីអាម៉េរិក លើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ដោយសារព្រួយបារម្ភ ការរីករាលដាល នៃជំងឺ Covid-19

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក បានផ្ញើសារលិខិតជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការសម្រេចចិត្តលើកពេលរបស់ ប្រធានាធិបតីអាម៉េរិក លើកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ។

ក្នុងសារលិខិតផ្ញើជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ មានខ្លឹមសារដូច្នេះថា៖ លោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងលោកក Matthew Pottinger ឧបការីរងរបស់ប្រធានាធិបតី បានជំរាបជូនឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ (Conference Call) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលើកពេលនៃកិច្ច ប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដើម្បីផ្តោតការយកចិត្តទុកដាក់ លើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគ Covid-19» ។

សូមជំរាបថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជើញមេដឹកនាំកំពូលនៃបណ្តា ប្រទេសអាស៊ានទាំង ១០ មកជួបលោកនៅទីក្រុងឡាសវេហ្គាស (Las Vegas) ដ៏ស៊ីវីល័យរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកបានខកខានមិនបានទៅចូលរួម កិច្ចប្រជុំកំពូលមួយជាមួយអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងទីក្រុងបាងកកកប្រទេសថៃ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner