ដីដាំដុះបន្លែជិតប្រាំរយហិកតា តែនៅតែមានបន្លែវៀតណាមចូលលក់ក្នុងទឹកដីខេត្តមណ្ឌលគិរីបន្ថែម
មណ្ឌលគិរី៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ខេត្តមណ្ឌលគិរីកាន់តែមានឈ្មោះល្បីល្បាញខ្លាំងលើវិស័យទេសចរណ៍ ប៉ុន្តែទន្ទឹមគ្នានេះវិស័យកសិកម្មក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ស្របពេលដែលខេត្តមួយនេះមានប្រភេទដីល្អ អាកាសធាតុសមល្មម ដាំប្រភេទដំណាំអ្វីក៏ហុចផលល្អប្រសើរ និងមានរសជាតិឆ្ងាញ់ ។

កសិករមួយរូបឈ្មោះ ស៊ី យ៉ាត ដាំបន្លែគ្រប់មុខនៅចំណុចស្ពានអូរទេរ តាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះ ប៊ូស្រា ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា បានឲ្យដឹងថា បន្លែជាច្រើនមុខដែលលោកស្រីបានដាំសព្វថ្ងៃមានទីផ្សារបញ្ជាទិញ ល្អណាស់ ជាមធ្យមក្នុងមួយថ្ងៃមានអ្នកទទួលទិញបន្លែពីចំការរបស់លោកស្រី ប្រហែល២៥០គីឡូក្រាម ។ កសិករដដែល បន្តថា លោកស្រីជាអ្នកចំណាកស្រុកមកពីខេត្តព្រៃវែង ហើយមកដល់ខេត្តមណ្ឌលគិរីពុំមានដីផ្ទាល់ខ្លួននោះទេ ដីដែល លោកស្រីដាំបន្លែជាដីជួលគេប៉ុណ្ណោះ លោកស្រីបានជួលដីចំនួន៣កន្លែងផ្សេងគ្នា ១កន្លែងមានទំហំមិនដល់១ហិកតា នោះទេ ដីទាំង៣កន្លែងនេះគឺត្រូវបង់ប្រាក់ទៅម្ចាស់ដីចំនួន៣លានរៀលក្នុងមួយឆ្នាំ ។

កសិករដដែលបន្តថា លោកស្រីបានប្រកបរបរដាំបន្លែនេះរយៈពេល៣ឆ្នាំមកហើយ និងមានតម្រូវការទិញច្រើន លើសផលបន្លែដែលគ្រួសារលោកស្រីប្រមូលបាន ចំណែកប្រភេទបន្លែដែលមានតម្រូវការច្រើនគឺស្ពៃក្ដោប ដោយមានទាំង អតិថិជននៅរាជធានីភ្នំពេញចាំទទួលទិញជារៀងរាល់ថ្ងៃ ។ កសិកររូបនេះបានឲ្យដឹងទៀតថា បន្លែដែលលោកស្រីដាំរាល់ ថៃ្ងមានស្ពៃក្ដោប សាឡាត់ ខាត់ណា ស្ពៃតឿ ស្ពៃចង្កឹះ និងស្ពៃក្រញ៉ាញ់ជាដើម បន្លែទាំងនេះមានតម្លៃផ្សេងគ្នា ចន្លោះពី ២ពាន៥រយរៀលទៅ៥ពាន់រៀល ។ លោកស្រី ស៊ី យ៉ាត បញ្ជាក់ថា រាល់ថ្ងៃនេះការដាំដុះបន្លែ គឺគ្រួសារលោកស្រីមិនបាន ជួលកម្លាំងពលកម្មគេទេ គឺធ្វើដោយគ្រួសារខ្លួនឯង ដែលមានសមាជិក៥នាក់ ទាំងឪពុកម្ដាយនិងកូន ។

ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៩ ខេត្តមណ្ឌលគិរីមានផ្ទៃដីដាំដុះបន្លែគ្រប់ប្រភេទចំនួន ៤៩៨ហិកតា កើនឡើង៨៦ហិកតា ក្នុងនោះកសិករនិយមដាំស្ពៃក្ដោប ការ៉ុត និងស្ពៃបូកគោច្រើនជាងបន្លែផ្សេងៗ។ យោងតាមប្រសាសន៍ប្រធានមន្ទីរកសិកម្មខេត្ តថាកសិករដាំដុះបន្លែដល់ទៅជិត៥រយហិកតាហើយនោះ បន្តែបន្លែនិងរុក្ខជាតិដទៃទៀត ត្រូវបានគេសង្កេតឃើញថា មានការនាំចូលមកក្នុងទឹកដីខេត្តមណ្ឌលគិរី ជាច្រើនរថយន្ត ក្នុងមួយថ្ងៃៗ គ្រាដែលខេត្តមួយនេះ មានទំហំផ្ទៃដី ដាំដុះបន្លែបង្ការ ច្រើនរយហិកតា។

បន្លែ ផ្លែឈើ ព្រមទាំងរុក្ខជាតិ ដែលនាំចូលពីប្រទេសវៀតណាម មកលក់ចែកចាយ នៅក្នុង ខេត្តមណ្ឌលគិរី គឺឈ្មួញ បានចែកចាយ ទៅតាមបណ្ដាទីផ្សារ នានា នៅក្នុង ស្រុកទាំង៤ព្រមទាំងក្រុង១ របស់ខេត្តមណ្ឌលគីរី។នេះជាហេតុនាំអ្នកពិសារមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ គុណភាព នៃបន្លែផ្លែឈើទាំងនោះ ថាតើមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ រួចរាល់ដែរនោះទេ។ ជុំវិញបញ្ហាព្រួយបារម្មណ៍នេះ មន្ត្រីប្រចាំការនៅច្រកទ្វាទ្វេភាគីមួយដោយសុំមិនបង្ហាញឈ្មោះ បានបញ្ជាក់ថា គ្រប់ការនាំចូលទាំងបន្លែផ្លែឈើមកលក់នៅក្នុងប្រទេសកម្ពុជា តែងតែមានការត្រួតពិនិត្យជាប្រចាំ ។ លុះដល់ទីផ្សារ ជារៀងរាល់ខែមន្ទីរពាណិជ្ជកម្ម និងកាំកុងត្រួល ក៏តែងតែពិនិត្យបន្ថែមទៀតដែរដើម្បីស្វែងរកសារធាតុគីមីឬបូរ៉ាក់ ហើយលទ្ធផលគឺអ្នកទិញយកទៅពិសារអាចជឿរទុកចិត្តបាន។

ទោះជាបែបនេះក្តី ក៏មានការស្នើរសូមផងដែរ ដល់កសិករសូមបន្តការដាំដុះបន្លែបង្ការអោយបានច្រើនព្រោះផលិតផលកសិកម្មដែលដាំដុះលើដីខេត្តមណ្ឌលគិរីនេះ ទទួលបានទិន្នផលនិងរសជាតិឆ្ងាញ់ជាង បន្លែបង្ការដែលនាំចូលពីប្រទេសជិតខាង ណាមួយក៏ដើម្បីបង្គ្រប់តម្រូវការអ្នកពិសារក្នុងខេត្ត ជៀសវាងការនាំចូលបន្ថែមពីប្រទេសវៀតណាមផងនោះ៕
ដោយ៖ សាតចាន់បុត្រ