ប្រមុខការទូតកម្ពុជា៖ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌

ភ្នំពេញ: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នាពេលបច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញ នៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលដែលអាចនឹងកើតមាន ឡើងនាពេលបន្ទាប់។

ប្រមុខការទូតកម្ពុជាបានថ្លែងដូចនេះ នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថាកម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ជាសកលទាំងនេះ ការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាននៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុងសេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រទេសជាសមាជិក ចលនាមិនចូលបក្សសម្ព័ន្ឋដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍អាចនឹងទទួលបរាជ័យដោយខ្លួនឯង។

ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ ការប្រឈមនានាដែលយើងកំពុងជួបប្រទះត្រូវការចាំបាច់នូវវិធីសាស្រ្តរួមមួយដែលកើតចេញពីការសាមគ្គីភាពការប្តេជ្ញាចិត្តដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្មារតីមនុស្សធម៌។ នៅក្នុងបរិបទនេះ កិច្ចការនៃចលនាមិនចូលបក្សសម្ព័ន្ធមានសារៈសំខាន់បំផុតក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សទាំងពួង។ ឧទាហរណ៍៖ការអនុវត្តនៃគោលដៅសកម្មភាពអាកាសធាតុនិងការអភិវឌ្ឍប្រកបដោយចីរភាពត្រូវបានលើកទឹកចិត្តតាមរយៈការអនុម័តប្រភពថាមពលកកើតឡើងវិញ ដែល ជួយទប់ស្កាត់ការបំភាយកាបូន នឹងមានផលប្រយោជន៍ដល់ពិភពលោកទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តទៀតថា ការប្រឈមជាសកលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមកដល់នៃបដិវត្តឧស្សាហកម្មទី៤ នឹងតម្រូវឱ្យយើងសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យានិងការ ចែករំលែកបច្ចេកវិទ្យាមិនមែនគ្រាន់ តែរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ។ ការផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាបែបនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ធនីមួយៗក្នុងអំឡុងពេលផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលពិភពលោក។ ការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យានៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងសុខាភិបាលនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច។

ចំពោះកម្ពុជា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍អន្តរជាតិនឹងអាច ដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។ ការគ្រាន់តែរៀបរាប់ពីពហុភាគី និយមដើម្បីផលប្រយោជន៍ខ្លួនឯង ដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោក នោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ។ ពហុភាគីនិយមពិត មានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធីនិងភាពស្មោះត្រង់។ បើសិនជាគ្មានចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទេ យើងនឹងមិនអាចបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៊ី ក៏ដូចជាយើងនឹងមិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី នៅក្នុងបរិបទនៃគូប្រកួតប្រជែងដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះទេ។

ប្រមុខការទូតកម្ពុជាបញ្ជាក់ថា តាមប្រវត្ដិសាស្ដ្រ ចលនាមិនចូលបក្សសម្ព័ន្ធបានផ្តួចផ្តើមគំនិតនៃទំនាក់ទំនងអន្តរជាតិ ដែលជួយទប់ស្កាត់សង្គ្រាមលោកថ្មី។ ខ្ញុំជឿជាក់ថា សព្វថ្ងៃនេះ នៅក្នុងពិភពពហុភាគីនៃការក្រកួតប្រជែងប្រកប ដោយគ្រោះថ្នាក់គំនិតនៃការរួមរស់ដោយសន្តិសហវិជ្ជមានដូចដែលបានបង្កើតឡើងដោយសហស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ គឺនៅតែមានភាពសមស្របជាងពេលណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងការលើកកម្ពស់គំនិតនេះម្តងទៀតនោះទេ៕
ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner