រថយន្ត ១៤គ្រឿងត្រូវរងការពិន័យឃាត់ទុករយៈពេល ១ឆ្នាំ ក្រោយការរកឃើញដឹកលើសទម្ងន់កំណត់ក្នុងរយៈពេល២ថ្ងៃ
យោងតាមក្រសួងការធាណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងប្រតិបត្តិការចល័តរយៈពេល២ថ្ងៃ គឺថ្ងៃទី១២និងថ្ងៃទី១៣កក្កដា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យ និងឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន២០គ្រឿង។
ការឃាត់រថយន្តទាំងនោះ គឺនៅក្នុងខេត្ត៣គឺខេត្តសៀមរាប កណ្តាល និងខេត្តកំពង់ស្ពឺ។ ក្រសួងសាធារណការ បានឲ្យដឹងថាទៀតថា ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន១៣គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី៥តោន ដល់ ២៨តោន មានចំនួន៧គ្រឿង ក្នុងនោះយានយន្តចំនួន៣គ្រឿងដែលលើសចាប់ពី២០%នៃទម្ងន់អនុញ្ញាត ត្រូវឃាត់ទុករយៈពេល១ឆ្នាំ។
ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៧គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី១០តោនដល់២២តោន។ រថយន្តទាំង៧គ្រឿង ដែលលើសទម្ងន់ចាប់ពី២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល១ឆ្នាំ។
ក្នុងប្រតិបត្តិការចុងក្រោយលើផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ១៥តោន ដល់២០តោន ចំនួន៦គ្រឿង ក្នុងនោះយានយន្តចំនួន៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុក១ឆ្នាំ។
យោងតាមទិន្នន័យខាងលើយានយន្តចំនួន២០គ្រឿងត្រូវបានពិន័យ ក្នុងនោះយានយន្តចំនួន១៤គ្រឿងត្រូវឃាត់ទុកចំនួន១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។











