មិនមែនចេះតែកាន់ពិលឆ្លុះមើលគេ តែមិនឆ្លុះមើលខ្លួនឯងទេ
ខ្ញុំហាក់មិនយល់អំពីចរិតរបស់ប្រទេសអស់លោកបិតាប្រជាធិបតេយ្យ ដែលតែងតែអួតក្អេងក្អាងអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន និងដើរបង្រៀនគេឯងឱ្យធ្វើតាមខ្លួន។ សួរថា តើខ្លួនធ្វើបានល្អជាងគេប៉ុណ្ណា?
ក្នុងប្រវតិ្តសាស្ត្រ ពួកអស់លោកបានប្រល័យពូជសាសន៍ទៅលើជនជាតិដើម ហើយមានការរើសអើង និងធ្វើបាបលើក្រុមជនជាតិភាគតិច បណ្តាលឱ្យចំនួនជនជាតិ Indians ធ្លាក់ចុះពី៥លាននាក់មកសល់ត្រឹម ២៥ម៉ឺននាក់ ក្នុងរយៈពេលប្រមាណជាង ១០០ឆ្នាំ។ បច្ចុប្បន្ននៅសល់មិនដល់ ២% នៃចំនួនប្រជាជនសរុបផង។
សង្រ្គាមនៅអាហ្វហ្គានីស្ថាន ជិត ២០ឆ្នាំនេះ តើអស់លោកធ្វើដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ? កុំថាឡើយទាមទារសិទ្ធិបញ្ចេញមតិ និងចូលរួមធ្វើនយោបាយ សូម្បីតែសិទ្ធិរស់រានមានជីវិត និងទទួលបានអាហារសមរម្យគ្មានផង។ នេះឬ បិតាប្រជាធិបតេយ្យ និងតួឯកសិទ្ធិមនុស្សដែលតែងតែដើរណែនាំគេ ឬដាក់ទណ្ឌកម្មអ្នកដទៃក្រោមលេសរំលោភសិទ្ធិមនុស្ស? រឿងពិតខាងលើនេះ មិនមែនតែកើតឡើងនៅអាហ្វហ្គានីស្ថានទេ កន្លងមកអាមេរិកធ្លាប់បានធ្វើទៅលើ អ៉ីរ៉ាក់ យ៉ីមេន ស៊ីរ៉ី លីប៊ី និងប្រទេសដទៃជាច្រើនទៀត។
សម្តេចតេជោ បានបញ្ជាក់ម្តងហើយម្តងទៀតថា សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ មានតែក្រោមដំបូលសន្តិភាពប៉ុណ្ណោះ។ សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ទាល់តែមានសន្តិភាព ទើបយើងអាចនិយាយពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបាន។

✍🏽-វិស្វករអណ្តូងប្រេង