មនុស្សជាង ១០០ នាក់ត្រូវបានចាប់ និងបាត់ខ្លួនក្នុងបាតុកម្មទ្រង់ទ្រាយធំនៅគុយបា
ហួន ឌីណា
ហាវ៉ាណា៖ ក្រុមសង្កេតការណ៍ និង ក្រុមសកម្មជន អះអាងថាមនុស្សចំនួន ១០០ នាក់រួមទាំងអ្នកកាសែតឯករាជ្យ និងសកម្មជនប្រឆាំងផងនោះ ត្រូវបានចាប់ខ្លួនឬកំពុងបាត់ខ្លួនក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសគុយបា។
មកទល់ពេលនេះ រដ្ឋាភិបាលគុយបាមិនទាន់បានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន ឬរងរបួសនោះទេ ប៉ុន្តែយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសនេះ យ៉ាងហោចណាស់បុរសម្នាក់ត្រូវបានសម្លាប់អំឡុងពេលប៉ះទង្គិចជាមួយកងកម្លាំងប៉ូលីសកាលពីថ្ងៃចន្ទ។
មហាបាតុកម្ម បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី ១១ កក្កដា ខណៈប្រទេសនេះកំពុងមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៣០ ឆ្នាំដោយសារកង្វះអគ្គិសនី ស្បៀង និងថ្នាំពេទ្យ ហើយការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។
មេដឹករដ្ឋាភិបាលលោកប្រធានាធិបតី Miguel Díaz-Canel បានចោទប្រកាន់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺជាមេនៃបញ្ហាទាំងអស់នេះ ហើយថា ការផ្ទុះឡើងនៃបាតុកម្មគឺជាលទ្ធផលនៃយុទ្ធនាការតាមបណ្ដាញសង្គមរបស់សហរដ្ឋអាមេរិក បំផុសបំផុលប្រជាជន បង្ករឱ្យប្រទេសរបស់ខ្លួនធ្លាក់ក្នុងភាពចលាចល។
ទំនាក់ទំនងអាមេរិក-គុយបា ស្ថិតក្នុងចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយរដ្ឋបាលរបស់លោកត្រាំ បានដាក់ចេញនូវវិធានការសេដ្ឋកិច្ចតឹងរឹងបំផុតមួយចំនួនប្រឆាំងនឹងប្រទេសគុយបា ខណៈដែលរដ្ឋបាលរបស់លោកបៃដិន ហាក់ស្ទាក់ស្ទើរនឹងដកទណ្ឌកម្មនេះចេញ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានរដ្ឋាភិបាលគុយបាមិនឱ្យបង្ក្រាបពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្តែលោក Díaz-Canel បានហៅក្រុមបាតុករថាជាឧក្រិដ្ឋជន។

ប្រភព៖
- More than 100 arrested or missing in Cuba after widespread protests, say activists https://edition.cnn.com/2021/07/13/americas/cuba-protests-100-detained-missing-intl/index.html
- Large police presence in Cuban capital day after thousands protest https://www.nbcnews.com/news/latino/cuban-president-defiant-blames-embargo-after-massive-protests-n1273716