សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំបឋមសិក្សា”
រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំបឋមសិក្សា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត្យសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងទទួលបន្ទុកអនុវិស័យបឋមសិក្សា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នាយកដ្ឋានគាំទ្រ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីជំនាញ សរុបចំនួន ៦៤ នាក់ ស្រី ១០ នាក់។ ក្នុងគោលបំណងការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនេះ គឺដើម្បីវាយតម្លៃអំពីវឌ្ឍនភាព ប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ ក្នុងការគ្រប់គ្រងសេវាអប់រំនៅគ្រប់កម្រិតសិក្សា ដើម្បីទទួលបានសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
១. វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំកន្លងមក
២. វាយតម្លៃអំពីប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ
៣. កែសម្រួល អាទិភាព យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅ ឱ្យស្របទៅនឹងតម្រូវការអប់រំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩
៤. ធ្វើបច្ចុប្បន្នកម្មផែនការហិរញ្ញប្បទានសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តឱ្យស្របទៅនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច។
អនុសាសន៍ចូលរួមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការក្នុងសិក្ខាសាលាពិគ្រោះយោបល់រួមមាន៖
១. ធ្វើសុខុដុមនីយ៍កម្ម និងសង្គតិភាពក្នុងចំណោមអនុវិស័យទាំង៧ និងនាយកដ្ឋានជំនាញទាំងអស់
២. ពិនិត្យមើលអ្វីដែលដំណើរការបានជោគជ័យ ទាំងគោលនយោបាយ ផែនការ យុទ្ធសាស្រ្ត សកម្មភាព។ ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំបានស្នើសុំឱ្យនាយកដ្ឋានបឋមសិក្សាដែលជានាយកដ្ឋាននាំមុខ អូសទាញនាយកដ្ឋានគាំទ្រណែនាំបន្ថែមឱ្យជួយចូលរួមផ្តល់ជាធាតុចូលបានគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចសូចនាករស្នូល។
៣. សិក្សា ប្រមូល ឧត្តមារនុវត្តតាមរយៈកម្មវិធីគម្រោង សុំដាក់បញ្ចូលបទពិសោធន៍គាំទ្រពីនាយកដ្ឋានគាំទ្រផ្តល់ជាធាតុចូល។ គ្រប់នាយកដ្ឋាន អនុវិស័យត្រូវនៅក្រោមផែនការយុទ្ធសាស្រ្តវិស័យអប់រំ រួមជាមួយ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ នូវរាល់ផែនការយុទ្ធសាស្រ្ត ឬគំនិតផ្តួចផ្ដើមថ្មីដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣(ESP)នេះ ដើម្បីចូលរួមកែលម្អឱ្យបានទាន់ពេលវេលា។
៤. សម្រាប់ផែនទីបង្ហាញផ្លូវ២០៣០ ស្ដីពីការអបរំនៅកម្ពុជា ដែលកម្ពុជាបានរៀបចំបន្ស៊ីជាមួយរបៀបវារៈអប់រំឆ្នាំ២០៣០ កម្រិតសកលលោក ក្រោមបញ្ញតិគន្លឹះចំនួន៥ រួមមាន៖ សមធម៌ បរិយាប័ន្ន គុណភាព ការសិក្សាពេញមួយជីវិត និងសម្រាប់ទាំងអស់គ្នា សម្រាប់ជាគោលក្នុងការរៀបចំ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា យើងត្រូវត្រៀមលក្ខណៈក្នុងការស្ដារឡើងវិញ ទាំង សុខភាព សេដ្ឋកិច្ច និងសង្គមនយោបាយត្រូវឲ្យដើរព្រមគ្នា។ ដោយ -រ៉ាវុធ


