ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនាពេលនេះ នឹងបានរួមចំណែកថែមទៀតក្នុងការបន្តពូនជ្រំ ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅនិងមានផ្លែផ្កា ពិតប្រាកដនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-ទ្បាវ ឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ដោយផ្អែកលើមូលដ្ឋានលិខិតុបករណ៍អនុស្សារណៈនៃការយោយល់គ្នាដែលបានចុះហត្ថលេខាដោយរដ្ឋសភានៃប្រទេសទាំងពីរ ក្នុងខែមករា ឆ្នាំ២០១៩កន្លងទៅ។
ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណ:ប្រតិភូអមដំណើរដោយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ បានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារនិងសម្តែងការគូរសមជាមួយ លោកជំទាវ ផានី យ៉ាថូទូ (PANY YATHORTOU) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ។
ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ជម្រាបជូនលោកជំទាវប្រធានរដ្ឋសភាទ្បាវ អំពីគោលបំណង នៃការបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវនាពេលនេះ គឺដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-ទ្បាវ ក្នុងនោះរួមមានការផ្លាស់ប្តូរបទពិសោធន៍ ផ្នែកនយោបាយការបរទេសសភា ក៏ដូចជាការស្នើសុំឲ្យភាគីទ្បាវចែករំលែកនូវបទពិសោធន៍ ក្នុងការរៀបចំកិច្ចប្រជុំអាសិប(ASEP) ដែលប្រទេសទ្បាវធ្លាប់បានធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យកន្លងមក ហើយដែលកម្ពុជានឹងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០ខាងមុខនេះ។ បន្ថែមទៅទៀតនោះ គឺចង់ស្វែងយល់ដោយផ្ទាល់ពីសន្ទុះរីកចំរើននៃវិស័យអគ្គសនី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវដែលប្រជាជនសម្រេចបាន ជាពិសេសបន្តរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាព ភាតរភាព និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយនិងជាប្រពៃណី រវាងប្រជាជាតិយើងនៃប្រទេសទាំងពីរឲ្យបានគង់វង្សរឹងមាំជាអមតៈ នឹងប្រែក្លាយប្រទេសយើងទាំងពីរជាដៃគូយុទ្ធសាស្ត្រសម្រាប់ថ្ងៃអនាគត។ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ទ្បាវ ដែលផ្តើមចេញពីការតភ្ជាប់ទំនាក់ទំនង ហើយត្រូវបានតភ្ជាប់ឡើងវិញនៅឆ្នាំ១៩៧៩មកប្រទេសទាំងពីរកម្ពុជា-ទ្បាវ ដោយភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្ត និងបំណងប្រាថ្នារួម ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ បាននឹងកំពុងបន្តរីកចម្រើនឥតឈប់ឈររួមចំណែកដល់សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងសកលលោក ។ ជាការពិតណាស់ ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យរយៈពេល៤០ឆ្នាំកន្លងទៅរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីទំនាក់ទំនង ជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរបានឡើយ ។ ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនលោកជំទាវប្រធានសភាទ្បាវ ពីស្ថានភាពនយោបាយនៅកម្ពុជាផងដែរ ពិសេសដំណើរការរបស់រដ្ឋសភានីតិកាលទី៦នេះ បានកើតចេញពីការបោះឆ្នោតដោយសេរីពហុបក្ស ដែលមានគណបក្សដល់ទៅចំនួន២០គណបក្សបានចូលរួមការបោះឆ្នោត កាលពីខែកក្តដា ឆ្នាំ២០១៨ ហើយគណៈបក្សប្រជាជនកម្ពុជាត្រូវបានប្រជាពលរដ្ឋផ្តល់សេចក្តីទុក្ខចិត្តយ៉ាងច្រើនលើសលប់ ក្នុងការដឹក នាំប្រទេសបន្តទៀត ដោយមានសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ចាប់តាំងពីអាណត្តិទី១រហូតមកដល់អាណត្តិទី៦នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តច្បាប់បានចំនួន៥២៣ ដើម្បីបម្រើផលប្រយោជន៏ប្រទេសជាតិ និងប្រជាជន។
ជាការឆ្លើយតប លោក ជំទាវ ផានី យ៉ាថូទូ បានផ្តាំផ្ញើនូវការសាក់សួរសុខទក្ខ គោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ផានី យ៉ាថូទូ បានអបអរសាទរ និងវាយតម្លៃខ្ពស់ដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតសាកលនីតិកាលទី៦ កាលពីឆ្នាំ២០១៨ ហើយក៏សូមអបអរសាទរផងដែរ ដែលរដ្ឋសភាកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំAPPFកាលពីដើមឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។
លោកជំទាវ ផានី យ៉ាថូទូ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការបរទេសកម្ពុជា-ទ្បាវ កិច្ចសហប្រតិបត្តិការរវាងគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសទាំងពីរ ក៏ដូចជាស្ថានទូតនៃប្រទេសទាំងពីរ ដែលបានរួមចំណែកតភា្ជប់ឲ្យមានដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជានាពេលនេះផងដែរ។
តមកនៅថ្ងៃដ៏ដែលនោះគណ:ប្រតិភូក៏បានអញ្ជើញទៅទស្សនាតំបន់វារីអគ្គីសនីណាំងឿននៅក្នុងខេត្តវៀងចន្ទ័៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner