ចំនួនអ្នកស្លាប់កើនដល់៤៣នាក់ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារប្រទេសអាល្លឺម៉ង់
អាល្លឺម៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយនៅភាគខាងលិចប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស៤៣នាក់ហើយបានស្លាប់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ ដែលបង្កឡើងពីព្យុះភ្លៀងនៅជុំវិញតំបន់ ។
ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានបញ្ជាក់នៅលើគណនីយ ធ្វីតធើ របស់រដ្ឋាភិបាលថា លោកស្រីពិតជាមានអារម្មណ៍តក់ស្លុតចំពោះគ្រោះមហន្តរាយនេះ ។ ទឹកទន្លេបានឡើងផុតច្រាំង ហើយបណ្តាលអោយផ្ទះចំនួន៦ខ្នងបាក់រលំ ។ ទូរទស្សន៍ SWR ផ្សាយថា ស្ថានភាពនៅតំបន់ជនបទ Eifelkreis Bitburg-Prum ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ខណៈដែលមនុស្សរាប់សិបនាក់កំពុងជាប់នៅលើដំបូលផ្ទះ ។
មនុស្សជាច្រើនត្រូវបានជម្លៀសចេញ នៅតាមតំបន់ក្នុងរង្វង់ចម្ងាយ៥០ម៉ែត្រ នៃទន្លេ Ahr ។ ក្រុមអ្នកជួយសង្គ្រោះបានជាប់នៅតំបន់ខ្លះ ដោយសារចរន្តទឹកជំនន់ហូរខ្លាំងពេក ៕ ប្រភព៖ NHK



