មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានផ្តល់ផ្លូវក្រួសក្រហមមួយខ្សែប្រវែង៥គ.មដល់ឃុំព្រះផុស ស្រុកគាស់ក្រឡ សម្រាប់ឆ្នាំ២០២០នេះ

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលអមដំណើរដោយលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងវត្តមានឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោមសខេងនិងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងស្រុកគាស់ក្រឡ បានអញ្ជើញចុះទៅពិនិត្យមើលទីតាំងដែលគ្រោងសាងសង់នូវផ្លូវក្រាលក្រួសក្រហមមួយខ្សែ  ស្ថិតនៅក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានប្រវែង៥គ.ម និងមានទទឹងផ្លូវ ប្រវែង៥,៥០ម៉ែត្រ។
ហើយផ្លូវមួយខ្សែនេះ គឺជាការឆ្លើយតបពីតម្រូវការចាំបាច៎របស់អាជាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះចំនួន០២ភូមិគឺភូមិបឹងព្រះក្រឡាញ់និងភូមិតាខោ ក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០នេះ។

       លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន័ជនបទខេត្ត បានឲ្យដឹង ក្នុងឱកាសចុះពិនិត្យមើលទីតាំងខាងលើ ដោយបានគូសបញ្ជាក់ឲ្យដឹងថា៖ ផ្លូវក្រាលក្រួសក្រហម ប្រវែង៥ពាន់ម៉ែត្រនេះគឺជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២០នេះដើម្បីជាការឆ្លើយតបនិងសំណូមពរយ៉ាងទទូចចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលត្រូវ ទទួលអាស្រ័យផលផ្ទាល់ សរុបប្រមាណ៥០០គ្រួសារនិងប្រយោលជាង១ពាន់គ្រួសារ ហើយផ្លូវក្រួសក្រហម ដែលមានទទឹងទំហំ៥,៥០ម៉ែត្រនេះ គឺខាងមន្ទីរគ្រោងនិងចុះអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះហើយ។

       តាមការគូសបញ្ជាក់ពីលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឲ្យដឹងបន្ថែមថា៖ ក្នុងឆ្នាំ២០២០នេះ មន្ទីរបានទទួលនូវគម្រោងផែនការក្នុងការថែទាំផ្លូវជាប្រចាំ និងថែទាំខូច ក្នុងខេត្តបាត់ដំបង មានចំនួនសរុបជាង២១១គីឡូម៉ែត្រ។ក្នុងនោះផ្លូវថែទាំជាប្រចាំមានចំនួនសរុប០៧ ខ្សែប្រវែងជាង១០៣ គីឡូម៉ែត្រ ដែលស្ថិតក្នុងស្រុកសំពៅលូន បាណន់ និងស្រុកបវេល។ ផ្លូវថែទាំជាលក្ខណៈខូច មាន០១ខ្សែ ប្រវែជាង១៦គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំពៅលូន។និងគម្រោងថែទាំផ្លូវក្រាលកៅស៊ូ០២ស្រទាប់(DBST) ចំនួន០៦ខ្សែប្រវែងជាង៩១គីឡូម៉ែត្រ ដែលស្ថិតក្នុងស្រុកមោងឫស្សី រុក្ខគីរី ថ្មគោល និង ស្រុកឯកភ្នំ។

       ក្នុងការចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្លូវក្រួសក្រហមនេះ ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត៎ដំបង បានជម្រុញឲ្យមន្ទីរជំនាញចុះធ្វើការសាងសង់ឲ្យបានឆាប់មុនរដូវវស្សាចូលមកដល់ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវឲ្យបានល្អគង់វង់ ចៀសវាងការដឹកជញ្ជូនដោយរថយន្តធុនធំធ្ងន់លើសកម្រិតពីការកំណត់ក្នុងការប្រើប្រាស់ដោយមន្ទីរជំនាញ។

     ក្នុងនោះផងដែរ មេភូមិទាំង២ខាងលើ  ទាំងមេឃុំនិងអាជ្ញាធរស្រុកគាស់ក្រឡ បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តបាត់ដំបង ដែលបានផ្តល់នូវគម្រោងផ្លូវមួយខ្សែនៅទីនេះ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner