លោកហ៊ុន ម៉ាណែត ចុះពិនិត្យមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ចំនួន ៣ទីតាំង ក្នុងខេត្តកោះកុង

អត្ថបទដោយ៖
Kien Sereyvuth

លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កនាថ្ងៃទី១៦កក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យអាគារសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ចំនួន៣ទីតាំងក្នុងក្រុងខេមរភូមិន្ទ និងបានសម្រេចយកអាគាររដ្ឋបាលខេត្តចាស់ ធ្វើជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតធ្ងន់ផងដែរ។ ក្នុងកិច្ចការត្រួតពិនិត្យនោះ លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្វែងរកអ្នកពាក់ព័ន្ធនូវជំងឺកូវីដ-១៩ ក៏ដូចជាបានប្រឹងប្រែងស្វែងរកទីតាំង និងត្រៀមនូវអាគារសម្រាប់ព្យាបាលនិងធ្វើចត្តាឡីស័កដល់អ្នកជំងឺកូវីដ-១៩ ផងដែរ ។ លោក ក៏បានជម្រុញដល់រដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធ ត្រូវបន្តពង្រីកគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ ឲ្យបានប្រមាណជាង៣ពាន់គ្រែបន្ថែមទៀត ព្រោះអ្នកជំងឺកូវីដ-១៩ ត្រូវសម្រាកព្យាបាលនៅមណ្ឌលដែលបានរៀបចំ ខណៈមូលដ្ឋានខេត្តកោះកុង នៅពុំទាន់មានគោលណាមួយអោយអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមខ្នងផ្ទះនោះឡើយ ។ សូមបញ្ជាក់ថាសម្រាប់ខេត្តកោះកុង អាជ្ញាធរបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន២ទីតាំងបន្ថែមទៀត គឺមណ្ឌល ស៊ូន នឹង និងហាងរៀបអាពាហ៍ពិពាហ៍តារី ដែលបច្ចុប្បន្ន អាជ្ញាធរបានរៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩កម្រិតស្រាលចំនួនជាង២ពាន់គ្រែរួចរាល់ហើយ។ សូមជម្រាបថា នៅថ្ងៃទី១៥កក្កដា លោក ហ៊ុន ម៉ាណែត ចុះពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលកម្រិតធ្ងន់ សម្រាប់ប្រជាពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ នៅក្នុងខេត្តឧត្តរមានជ័យ។ នៅថ្ងៃដដែលនោះដែរ លោកក៏បានចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ១៩ កម្រិតមធ្យមនិងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប។ ក្នុងការចុះពិនិត្យនោះ លោកហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា ពេលបោះមួយជំហានទៅមុខ ត្រូវគិតពីរជំហានបន្ទាប់ឲ្យហើយ ។ ការវាយតម្លៃ ព្យាករណ៍សភាពការណ៍ និងការកំណត់គោលដៅអាទិភាព ព្រមទាំងការរៀបចំផែនការផ្អែកលើមូលដ្ឋានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ និងការចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈដើម្បីត្រៀមលក្ខណៈឆ្លើយតប ឬដោះស្រាយបណ្តាយថាហេតុដែលអាចកើតមានឡើង អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះមួយដ៏សំខាន់សម្រាប់ជោគជ័យលើគ្រប់ការងារ ។ លោកបានបញ្ជាក់ថា កុំរង់ចាំដល់ពេលសង្គ្រាមផ្ទុះ បានចាប់ផ្តើមជ្រើសរើសទ័ពយកមកហ្វឹកហ្វឺន បំពាក់អាវុធ និងរៀបចំផែនការប្រយុទ្ធ ព្រោះវាអាចហួសពេលបាត់ទៅហើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner