រថយន្តគិលានសង្រ្គោះ៣០គ្រឿងបន្ថែមទៀត ត្រូវបានរដ្ឋាភិបាលជប៉ុនផ្ដល់ជូនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៦កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់កម្ពុជា។ ការផ្ដល់នោះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក។ ស្ថានទូតជប៉ុន បានបញ្ជាក់ថា នោះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនោះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ស្ថានទូត បានបន្តថា ជំនួយនោះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំ២០២០។ គំនិតផ្តួចផ្តើមនោះ គឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។ លើសពីនេះទៀត នៅថ្ងៃទី១៣កក្កដា ឆ្នាំ២០២១ លោកម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសថាជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១លាន ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនោះ គ្រោងនឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។ ប្រទេសជប៉ុន បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ ចាំបាច់។ លោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា ការផ្គត់ផ្គង់ទាំងនោះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner