តំណាងអង្គការ JICA ប្រចាំនៅកម្ពុជា ជួបពិភ្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តោតទៅលើការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្ថភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ ក្នុងរយៈពេលខ្លី និងរយៈពេលវែង នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano ប្រធានតំណាងអង្គការ JICA ប្រចាំនៅកម្ពុជានិងលោក NAKADA Shunichi ទីប្រឹក្សាជាន់ខ្ពស់ នៃគោលនយោបាយកសិកម្មនាយកដ្ឋានអភិវឌ្ឍន៍ជនបទរបស់JICA នៅប្រទេសជប៉ុន   និងសហការី ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីលទ្ធផលបឋម នៃការធ្វើសិក្សាលើគុណភាពនៃការផលិតបន្លែនៅកម្ពុជា ជាពិសេសសំណល់ថ្នាំពុលកសិកម្ម នៅក្នុងបន្លែ និងការសិក្សាស្វែងយល់ពីដំណើការនៃការរៀបចំខ្សែច្រវាក់តម្លៃផលិកម្មកសិកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា គោលបំណងនៃការសិក្សាបឋម របស់ក្រុមបេសកកម្ម JICA នៅពេលនេះ គឺដើម្បីប្រមូលចងក្រងរាល់ឯកសារពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើ ឈានទៅដល់ការរៀបចំគម្រោងគាំទ្រធ្វើការអភិវឌ្ឍន៍វិស័យកសិកម្មមួយពេញលេញ ជាពិសេស ផ្តោតទៅលើការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្ថភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ ក្នុងរយៈពេលខ្លី និងរយៈពេលវែង នៅកម្ពុជា ។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ JICA បានថ្លែងអំណរគុណចំពោះពេលវេលា របស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងរាយការណ៍ជួនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការធ្វើអង្កេតនេះ ហើយលោកបានសន្យាថានឹងជួយជំរុញការរៀបចំគម្រោងនេះឲ្យចេញបានលឿនបំផុត ដើម្បីឈានទៅដល់ការអនុវត្តគម្រោងបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូន ក្រុមការងាររបស់ JICA ថាក្រសួងមានការពេញចិត្តយ៉ាងខ្លាំងព្រោះកិច្ចការនេះបានដំណើរទៅស្របជាមួយនឹងគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍នាពេលថ្មីៗនេះ  ហើយក្រសួងសូមគាំទ្រទៅលើលទ្ធផលនៃការសិក្សាកន្លងមក ដោយក្រុមបេសកកម្ម ដែលដឹកនាំដោយ លោក NAKADA Shunichi  ហើយលោកមានក្តីសង្ឃឹមថា គម្រោងនេះអាចចាប់ផ្តើមដំណើរអនុវត្តន៍ក្នុងរយៈពេលដ៏ខ្លិខាងមុខនេះ ជាមួយនឹងការសន្យាផ្តល់ការសហការគ្រប់បែបយ៉ាង ពីក្រសួងដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះអាចទទួលបានការគាំទ្រពី គ្រប់ភាគីពាក់ព័ន្ធ និងអាចដំណើរទៅទទួបានជោគជ័យនាពេលខាងមុខ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner