សិង្ហបុរីជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីមីយ៉ាន់ម៉ា ខណៈប្រទេសនេះញាំញីដោយបញ្ហាសន្តិសុខ និងវិបត្តិជំងឺកូវីដ-១៩
ស្ថានទូតសិង្ហបុរីប្រចាំប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសនេះ ឱ្យបានឆាប់ ខណៈពេលដែលស្ថានភាពសន្តិសុខនៅមីយ៉ាន់ម៉ានៅមិនប្រសើរឡើង ហើយស្ថានភាពជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរឡើង នេះបើតាមសារអេឡិចត្រូនិកមួយរបស់ស្ថានទូតចុះថ្ងៃទី១៥ ខែកក្កដា ដែលបានឃើញដោយសារព័ត៌មាន Channel News Asia។

ចំពោះបញ្ហាសន្តិសុខនៅមីយ៉ាន់ម៉ា ស្ថានទូតសិង្ហបុរីបានមើលឃើញថា ក្រោយច្បាប់អាជ្ញាសឹកបានចូលជាធរមាននៅស្រុកមួយចំនួននៅតំបន់យ៉ាំងហ្គូន អាជ្ញាធរស៊ីវិលទាំងអស់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយជំនួសវិញដោយអាជ្ញាធរយោធា។ ហេតុដូចនេះហើយ ស្ថានទូតបានផ្ដល់យោបល់ឱ្យពលរដ្ឋសិង្ហបុរីទាំងអស់គោរពច្បាប់ទម្លាប់ និងបម្រាមនៅតាមតំបន់រៀងៗខ្លួន។
ចំណែកឯស្ថានភាពកូវីដ១៩វិញ ស្ថានទូតបានមើលឃើញថា នៅមីយ៉ាន់ម៉ាស្ថានភាពមានសភាព «ធ្ងន់ធ្ងរខ្លាំង» ដោយវីរុសបម្លែងខ្លួនកំពុងតែឆ្លងពាសពេញមីយ៉ាន់ម៉ា ខណៈប្រព័ន្ធសុខាភិបាលនៅប្រទេសនេះនៅមានកម្រិត ហើយមានកង្វះថ្នាំពេទ្យ និងអុកស៊ីហ្សែន។
ក្នុងស្ថានភាពបែបនេះហើយ ស្ថានទូតក៏បានជូនយោបល់ឱ្យពលរដ្ឋសិង្ហបុរីចាកចេញពីប្រទេសនេះឱ្យបានឆាប់តាមតែអាចធ្វើបាន តែស្ថានទូតនឹងមិនរៀបចំជើងហោះហើរមាតុភូមិនិវត្តន៍ណាមួយនោះទេ។ បន្ថែមពីលើនេះទៅទៀត អ្នកដែលមានបំណងមកវិញ ត្រូវតែគោរពនូវបម្រាមក្នុងការចូលសិង្ហបុរី ដូចជាបង្ហាញលទ្ធផលអវិជ្ជមានតេស្ត PCR កូវីដ១៩ រយៈពេល ៧២ម៉ោងមុនឡើងយន្តហោះ ក៏ដូចជាធ្វើតេស្តល្បឿនលឿននៅពេលមកវិញ ហើយត្រូវចត្តាឡឺស័ក ១៤ថ្ងៃផងដែ៕