កូរ៉េខាងជើងដាស់តឿនយុវជនកុំឱ្យប្រើភាសាសាមញ្ញមកពីខាងត្បូង

សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​ព្រមាន​ឱ្យ​យុវជន​ឱ្យ​ឈប់​ប្រើ​ភាសា​សាមញ្ញ​មក​ពី​កូរ៉េខាងត្បូង​ ហើយ​ជំរុញ​ឱ្យ​ប្រើ​ភាសា​ស្តង់ដារ​កូរ៉េខាងជើង​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​។

នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ថ្មី​ដែល​ព្យាយាម​បំបាត់​ឥទ្ធិពល​បរទេស​ណា​មួយ ដោយ​មាន​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ឃោរឃៅ​។ ជន​សង្ស័យ​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​រំលោភ​ច្បាប់​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ឬ​រហូត​ដល់​ការ​ប្រហារ​ជីវិត​។

កាសែត​រដ្ឋ​ Rodong Sinmun ក៏​បាន​ព្រមាន​អំពី​ការ​ទទួល​យក​ម៉ូដ​សំលៀកបំពាក់ ម៉ូដ​សក់​ និង​ចម្រៀង​ពី​កូរ៉េខាងត្បូង​។ កាសែត​នេះ​សរសេរ​ថា​៖ «ការ​ជ្រៀត​ចូល​នៃ​មនោគមវិជ្ជា និង​វប្បធម៌​នៅ​ក្រោម​ផ្លាក​សញ្ញា​ពណ៌​ចម្រុះ​របស់​ពួក​វណ្ណៈ​នាយទុន​ គឺ​កាន់​តែ​គ្រោះថ្នាក់​ជាង​សត្រូវ​ ដែល​កំពុង​កាន់​កាំភ្លើង​»​។

ឥទ្ធិពល​បរទេស​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​គំរាមកំហែង​ដល់​របប​កុម្មុយនិស្ត​កូរ៉េខាងជើង និង​ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក​ Kim Jong-un។ មេដឹកនាំ​រូប​នេះ​ បាន​និយាយ​ថា​ចម្រៀង​ K-Pop គឺ​ជា​«មហារីក​ដ៏​សាហាវ​» ដែល​ធ្វើ​ឱ្យ​ខូច​យុវជន​កូរ៉េខាងជើង​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​រឿង​ភាគ​ ឬ​ចម្រៀង​ កូរ៉េខាងត្បូង​ ឬ​ជប៉ុន​ ឬ​អាមេរិក​ អាច​ប្រឈម​នឹង​ការ​ប្រហារ​ជីវិត​ ខណៈ​ពេល​ដែល​ជនសង្ស័យ​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ទស្សនៈ​ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ ១៥​ឆ្នាំ​។

បើ​ទោះ​បី​ជា​មាន​ហានិភ័យ​បែប​នេះ​ក៏​ដោយ​ ក៏​ឥទ្ធិពល​បរទេស​នៅ​តែ​ជ្រៀតជ្រែក​ចូល​កូរ៉េខាងជើង​តាម​រយៈ​ក្រុម​រត់​ពន្ធ​ជា​ច្រើន​។ ជន​ភៀស​ខ្លួន​មួយ​ចំនួន​បាន​និយាយ​ថា​ពួកគេ​បាន​រត់​ចេញ​ពី​កូរ៉េខាងជើង​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​មើល​រឿង​ភាគ​កូរ៉េខាងត្បូង​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner