ក្រុមយុវជនសេរីតវ៉ាប្រឆាំងនាយករដ្ឋមន្ត្រីថៃ តែរងការបង្ក្រាបដោយអាជ្ញាធរ
កាលពីថ្ងៃអាទិត្យ ទី១៨ កក្កដាចលនាយុវជនសេរីថៃ និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន បានចេញតវ៉ាតាមដងវិថីនៃរាជធានីបាងកក ដោយល្មើសនឹងបម្រាមទប់ស្កាត់នៃជំងឺកូវីដ១៩ ដាក់ចេញដោយរាជរដ្ឋាភិបាលថៃ ដែលហាមមិនឱ្យមានការជួបជុំមនុស្សលើសពី ៥នាក់។

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើននាក់បានធ្វើការជួបជុំគ្នានៅវិមានប្រជាធិបតេយ្យនៅរាជធានីបាងកក ហើយបានធ្វើដំណើរដោយថ្មើរជើង អមជាមួយរថយន្ត និងទោចក្រយានយន្តឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP ក្រុមបាតុករទាមទារ ៣ចំណុចធំៗគឺ (១) នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា ត្រូវតែលាលែងពីតំណែងដោយឥតលក្ខខ័ណ្ឌ (២) ថវិកាសម្រាប់ព្រះមហាក្សត្រ និងយោធាត្រូវតែកាត់បន្ថយ និង (៣) វ៉ាក់សាំង mRNA ត្រូវតែប្រើប្រាស់សម្រាប់ប្រជាជនទូទៅ។
យោងតាមសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្នុងអំឡុងពេលដែលក្រុមបាតុករព្យាយាមរើរនាំងបន្លាដែកចេញពីដងផ្លូវ ការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិសបានកើតមានឡើង។ ប៉ូលិសបានប្រើកាណុងបាញ់ទឹក គ្រាប់សំណ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្ក្រាបបាតុកម្ម។ Bangkok Post ចុះផ្សាយថា នគរបាលច្រើនជាង ២ពាន់នាក់ត្រូវបានដាក់ពង្រាយ។ បាតុកម្មត្រូវបានរំសាយកាលពីម៉ោង ៦៖៣០នាទីល្ងាចថ្ងៃអាទិត្យ។ គេមិនទាន់ដឹងថា មនុស្សប៉ុន្មាននាក់មានរបួសនោះទេ។
បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃមិនមែនជារឿងថ្មីទេ ដោយក្រុមអ្នកតវ៉ាភាគច្រើនជាយុវជនជារឿយៗតែងតែតវ៉ានឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូឆា៕