កូរ៉េ​ខាង​ត្បូង​កំពុង​តែ​ជាប់​ផុង​​រវាង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ក្រឡៃ​ប្រវត្តិសាស្ត្រ​លើ​បញ្ហា​រសើប​មួយ​ចំនួន

ហ៊ីម រដ្ឋា

ការ​បក​ស្រាយ​ទៅ​លើ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​បាន​ក្លាយ​ជា​បញ្ហា​មួយ​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នៅ​ក្នុង​សាធារណរដ្ឋ​ ដែល​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិត​ស្និត​ជាមួយ​សហរដ្ឋអាមេរិក​មួយ​នេះ នៅ​តែ​មាន​ការ​យល់​ឃើញ​ខុស​ៗ​គ្នា​លើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ទាំង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នៅ​ក្នុង​ស្រុក ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​ជូរចត់​ និង​ខ្មៅ​ងងឹត​ជាមួយ​នឹង​ប្រទេស​ជប៉ុន។

នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​អន្តរជាតិ​ គេ​តែងតែ​សង្កេត​ឃើញ​ប្រទេស​កូរ៉េ​ ដែល​និន្នាការ​សេរី​ តែងតែ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ​នឹង​ប្រទេស​ជប៉ុន ទាក់ទិន​នឹង​ហេតុការណ៍​ ដែល​កើត​ឡើង​នា​អតីតកាល​មួយ​ចំនួន​។

ចំណែក​ឯ​រឿង​ប្រវត្តិសាស្ត្រ​ក្នុង​ស្រុក​វិញ ប្រជាជន​កូរ៉េ​ខាង​ត្បូង​តែងតែ​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ទៅ​លើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ជាពិសេស​គឺ​ហេតុការណ៍​ការ​រើ​បម្រាស់​ ១៨ ឧសភា ១៩៨០ នៅ​ខេត្ត​ Gwangju ដែល​នៅ​ភាគ​ខាង​ត្បូង រដ្ឋធានី​សេអ៊ូល។

អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ ប្រជាជន​ខេត្ត Gwangju រាប់ពាន់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​នោះ ដែល​មាន​លោក Chun Doo-hwan ជា​អ្នក​ក្ដោបក្ដាប់​អំណាច​យោធា​កូរ៉េ​ខាង​ត្បូង​។ នៅ​ពេល​នោះ ដោយ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​ក្រុម​យោធា ខាង​ប្រជាជន​ស៊ីវិល​ក៏​នាំ​គ្នា​តដៃ​ទៅ​វិញ តែ​ក្រោយ​មក​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ។ មាន​មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់ នៅ​ពេល​នោះ។

ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ​ត្រូវ​បាន​រៀបរាប់​ និង​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ ដែល​បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយ​នៅ​កូរ៉េ​ខាង​ត្បូង។ ហេតុការណ៍​នេះ​ត្រូវ​បាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ទាំង​នោះ​បាន​ហៅ​ថា «ចលនា​ប្រជាធិបតេយ្យ​ Gwangju»។ រឿង​ហេតុ​នេះ​ហើយ​ ត្រូវ​បាន​អ្នក​តាមដាន​នយោបាយ​កូរ៉េ​ខាង​ត្បូង​យល់​ឃើញ​ថា ជា​របៀប​វារៈ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ ដែល​ជា​គណបក្ស​របស់​លោក​ប្រធានាធិបតី Moon Jae-in។

លោក Moon ធ្លាប់​លើក​ឡើង​កាល​ពី​ឆ្នាំ២០១៧ ថា «ដោយសារ​តែ​ការ​ធ្វើ​ពលិកម្ម​នៅ​ Gwangju នេះ​ហើយ​ ទើប​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង អាច​រស់​ឡើង​វិញ និង​ងើប​ឈរ​វិញ​បាន​»។

ផ្ទុយ​ពី​ការ​យល់​ឃើញ​ខាង​លើ​នេះ មាន​ក្រុម​ស្ដាំ​និយម ឬ ក្រុម​អភិរក្ស​និយម​មួយ​ចំនួន​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ជា​ «កុប្បកម្ម» ដែល​មាន​ការ​ញុះញង់​ពី​ទាហាន​កូរ៉េ​ខាង​ជើង។ ក្រុម​នេះ​យល់​ឃើញ​ថា ការ​បង្ក្រាប​របស់​យោធា​នៅ​ពេល​នោះ​ ជា​សកម្មភាព​ប្រឆាំង​នឹង​លទ្ធិកុម្មុយនិស្ត​ប៉ុណ្ណោះ។

ការ​យល់​ឃើញ​ផ្ទុយ​ពី​សៀវភៅ​ពុម្ព​ប្រវត្តិសាស្ត្រ​ នៅ​ពេល​នេះ​ដែរ​កំពុង​តែ​រីក​សាយភាយ​នៅ​លើ​បណ្ដាញ​សង្គម។

ជា​ការ​ឆ្លើយតប​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ បាន​ស្នើ​ឱ្យ​​បង្កើត​ច្បាប់​មួយ​ ដែល​ដាក់​ទោស​លើ​អ្នក​ ដែល​ផ្សព្វផ្សាយ​ «ខុស​ពី​ការ​ពិត» នៃ​ព្រឹត្តិការណ៍​តវ៉ា​នៅ Gwangji។ អ្នក​ដែល​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​នេះ​ប្រឈម​មុខ​នឹង ការ​ជាប់​ពន្ធនាគារ​ ៥ឆ្នាំ។

ការ​បង្កើត​ច្បាប់​នេះ​ធ្វើ​ឱ្យ​​មាន​មតិ​មួយ​ចំនួន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ។

អត្ថបទ​វិចារណកថា​របស់​និពន្ធ​នាយក​សារព័ត៌មាន The Korea Herald កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ​ បាន​សរសេរ​ថា «ទស្សនៈ​ការ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​អាច​មាន​ភាព​ខុសៗ​គ្នា បើ​ទោះ​បី​ជា​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​នៅ​តែ​មិន​អាច​ផ្លាស់​ប្ដូរ។ បន្ថែម​ពី​លើ​នេះ ការ​វិនិច្ឆ័យ​ថាប្រវត្តិសាស្ត្រ​មាន​ការ​ក្លែង​ក្រឡៃ អាច​មាន​ន័យ​ផ្សេងៗ​គ្នា​ត​ទៅ​ទៀត»។

«ការ​បកស្រាយ​លើ​ហេតុការណ៍​នៅ​អតីតកាល​ អាច​ផ្លាស់ប្ដូរ​ ទៅ​តាម​ពេលវេលា។ នៅ​ពេល​ដែល​មាន​ការ​បកស្រាយ​តែ​មួយ​គត់ ហើយ​បង្ខំ​ឱ្យ​មនុស្ស​ជឿ​តាម សេរីភាព​ក្នុង​ការ​និយាយ​ស្ដី និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​អាច​ត្រូវ​បាន​គេ​រឹតត្បិត​»។

លោក Jee Man-won ដែល​ជា​អ្នក​នាំ​មុខ​ចលនា​ចោទប្រកាន់​អំពី​ការ​ពាក់ព័ន្ធ​ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​តវ៉ា​ Gwangju បាន​លើក​ឡើង​ថា៖ «ការ​យល់​ឃើញ​របស់​ខ្ញុំ ត្រូវ ឬ ខុស គួរ​តែ​ពិចារណា​តាម​រយៈ​តស៊ូមតិ​ដោយ​សេរី​ជា​សាធារណៈ ដែល​ជា​ម៉ាស៊ីន​មួយ​នៃ​ប្រជាធិបតេយ្យ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កំពុង​តែ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ ដើម្បី​បញ្ជា​ពី​ការ​បកស្រាយ​ប្រវត្តិសាស្ត្រ»។

ខុស​គ្នា​ពី​ការ​លើកឡើង​នេះ សាច់ញាតិ​នៃ​បាតុករ​នៅ​ក្នុង​ព្រឹត្តិការណ៍ Gwangju ស្វាគមន៍​នឹង​ច្បាប់​របស់​គណបក្ស​លោក Moon។

លោក Cho Young-dae ​ក្មួយ​របស់​បុព្វជិត​កាតូលិក Cho Pius ដែល​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នៅ​ខេត្ត Gwangju បាន​ប្រាប់​សារព័ត៌មាន​ The New York Times ថា ការ​បាត់បង់​សមាជិក​គ្រួសារ​គឺ​ឈឺ​ចាប់​គ្រប់គ្រាន់​ហើយ តែ​ការ​បរិហារ​ថា​សមាជិក​គ្រួសារ​ជា​ភ្នាក់ងារ​នៃ​កូរ៉េ​ខាង​ជើង ជា​ការ​រំលោភ​បំពាន​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ជា​ការ​ប្រមាថ​ដល់​របួស​ផ្លូវ​ចិត្ត​របស់​លោក។

លោក Cho បាន​បន្ថែម​ថា លោក​ចង់​ឃើញ​កូរ៉េ​ខាង​ត្បូង មាន​ច្បាប់​មួយ​ដាក់​ទោស​លើ​អ្នក​លើក​កម្ពស់​នូវ​អំពើ​ឃោរឃៅ​នៅ Gwangju ដែល​ស្រដៀង​នឹង​ច្បាប់​អាល្លឺម៉ង់​ ដែល​ដាក់​ទោស​លើ​អ្នក​ដែល​មិន​ជឿ​ថា​​អំពើ​ប្រល័យ​ពូជសាសន៍​ជនជាតិ​ជ្វីប​បាន​កើត​ឡើង។

ក្រៅ​ពី​ព្រឹត្តិការ​នៅ​ខេត្ត​ Gwangju គណបក្ស​កាន់​អំណាច​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ស្នើ​បង្កើត​ឱ្យ​មាន​ច្បាប់​មួយ ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០ឆ្នាំ ទៅ​លើ​អ្នក​ដែល​សរសើរ​ពី​គុណសម្បត្តិ​របស់​អាណានិគម​ជប៉ុន​មក​លើ​កូរ៉េ​ អំឡុង​ឆ្នាំ១៩១០ ដល់​ឆ្នាំ១៩៤៥។

ទាក់ទិន​នឹង​រឿង​នេះ​ Kim Jeong-in ប្រធាន​នៃ​ក្រុម​សង្គម​ប្រវត្តិសាស្ត្រ​កូរ៉េ ដែល​ជា​ស្ថាប័ន​សិក្សា​ពី​ប្រវត្តិសាស្ត្រ​កូរ៉េ បាន​ប្រាប់ The New York Times ថា​៖​ «នេះ​ជា​សកម្មភាព​ប្រជាភិថុតិ​មួយ​ទៅ​លើ​ការ​បកស្រាយ​ប្រវត្តិសាស្ត្រ ដើម្បី​បង្កើន​នូវ​មនោសញ្ចេតនា​ក្នុង​ការ​ប្រឆាំង​នឹង​ជប៉ុន ក្នុង​គោលបំណង​ក្ដោបក្ដាប់​អំណាច​នយោបាយ។ ដូច្នេះ​ហើយ តើ​នៅ​មាន​នរណា​គេ​ធ្វើ​ការ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​សម័យ​អាណានិគម​ទៀត ប្រសិន​បើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ ត្រូវ​បាន​កំណត់​ជា​មុន​ដោយ​ច្បាប់​រួច​ទៅ​ហើយ?»៕

ប្រភព៖

‘Historical Distortions’ Test South Korea’s Commitment to Free Speech

https://www.nytimes.com/2021/07/18/world/asia/korea-misinformation-youtube.html?action=click&module=Top%20Stories&pgtype=Homepage

[Editorial] History distortion penalty

http://www.koreaherald.com/view.php?ud=20200608000661

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner