ក្រិកបានរងការចោទប្រកាន់ពីប្រទេសជិតខាង ជាពិសេសតួកគី ថាបានបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ដោយសម្ងាត់
ក្រិកបានរងការចោទប្រកាន់ពីប្រទេសជិតខាង ជាពិសេសតួកគី ថាបានបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ដោយសម្ងាត់តាមរយៈការបណ្ដែតពួកគេចោលនៅត្រឹមខាងក្រៅដែនសមុទ្ររបស់ខ្លួន។
កាលពីសប្ដាហ៍មុន លោក Notis Mitarachi រដ្ឋមន្ត្រីទទួលបន្ទុកជនចំណាកស្រុក និងសិទ្ធិជ្រកកោនក្រិក បានលើកឡើងថា មានករណីជាច្រើនត្រូវបានស៊ើបអង្កេតដោយសហភាពអឺរ៉ុប តែមិនបានរកឃើញភស្តុតាងណាមួយ ថាបានរំលោភលើសិទ្ធមនុស្សឡើយ។
លោក Philippe Leclerc ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំនៅតួកគី បាននិយាយថា ការិយាល័យរបស់លោក បានបង្ហាញភស្តុតាងមួយចំនួនរួមទាំងការចោទប្រកាន់អំពីអំពើហិង្សា និងការបំបែកបំបាក់គ្រួសារ ទៅកាន់អ្នកស៊ើបអង្កេតក្រិក ដើម្បីស្នើការស៊ើបអង្កេត ប៉ុន្តែគ្មានការឆ្លើយតប។
មន្ត្រីតួកគីមួយរូប បាននិយាយថាតួកគីចង់ទាញការយកចិត្តទុកដាក់របស់ពិភពលោក ចំពោះបន្ទុកផ្ទាល់របស់តួកគីក្នុងការទទួលអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៤លាននាក់ពីសង្គ្រាម ក្នុងនោះជនភៀសខ្លួនពីស៊ីរ៉ីច្រើនជាង ៣,៦លាននាក់ និងប្រជាជនចំនួន ៤០ម៉ឺននាក់ផ្សេងទៀតមកពីអាស៊ី និងមជ្ឈិមបូព៌ា។

ប្រភព៖ New York Times