ជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចស្រូវស្រែរបស់បងប្អូនប្រជាពលរដ្ឋ និងរាំងស្ទះចរាចរណ៍ផ្លូវជាតិលេខ ៥ រយៈពេលខ្លី

ខេត្តកំពង់ឆ្នាំង ៖ ដោយសារទឹកភ្លៀងធ្លាក់ជាប់ៗគ្នានៅផ្នែកខាងលើ ប៉ុន្មានថ្ងៃនេះ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 49 ចំណុចស្ពានច្រលងម៉ៅ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច មានជំនន់លិចលង់ជាខ្លាំងដែលបណ្ដាលឱ្យស្រូវស្រែ ប្រជាពលរដ្ឋមួយចំនួនបានរងការខូចខាត ។ យ៉ាងនេះក្តីអាជ្ញាធរស្រុក រួមនឹងសមត្ថកិច្ចនគរបាល សហការជាមួយក្រុមហ៊ុនធ្វើផ្លូវជប៉ុន បានកាយលូរំដោះទឹកតាំងពីយប់ថ្ងៃទី 18 រហូតដល់រសៀលថ្ងៃទី19 ខែកក្កដា កំពុងតែនៅដំណើរការនៅឡើយ ។

លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថាជំនន់ទឹកភ្លៀងបានធ្លាក់ពីផ្នែកខាងលើ គឺទ្វារទឹកអន្លង់ត្បាល់ ហើយធ្លាក់មកជន់លិចលើផ្លូវជាតិលេខ 5 ដោយមិនអាចហូរចុះទៅក្រោមបាន ទាន់ពេល ព្រោះតែស្ថានភាពផ្លូវកំពុងតែជួសជុល ចំណែកឯប្រព័ន្ធលូរំដោះទឹកបណ្ដោះអាសន្ន តូចពេក ។ លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបន្តថា មកដល់រសៀលថ្ងៃទី19 ខែកក្កដានេះ លោកឈរសម្រួលចរាចរណ៍នៅឡើយ ដើម្បីឲ្យក្រុមហ៊ុនរៀបចំធ្វើផ្លូវវាងទៅមក ឱ្យបានស្រួលធ្វើដំណើរ របស់ប្រជាពលរដ្ឋតាមផ្លូវជាតិលេខ 5 ។

ដោយឡែកយោងតាមសេច្តីជូនដំណឹងរបស់អាជ្ញាធរស្រុកកំពង់ត្រឡាច រួមនឹងភាគីជប៉ុន ដែលកំពុងធ្វើផ្លូវ បានបញ្ជាក់ថា មូលហេតុ 3 យ៉ាងដែលបណ្ដាលឲ្យជន់លិចខ្លាំងនៅចំណុចស្ពានច្រលងម៉ៅក្នុងភូមិតាកុល ឃុំ ពានី គឺដោយសារទី1 ភ្លៀងជាប់ៗគ្នា.ទី2 ដោយសារផ្លូវវាងស្ពាន ដាក់លូតូចពេក និងទី3 ស្ពានចាក់បេតុងបានមួយចំហៀងមិនទាន់ប្រើការបាននៅឡើយ ត្រូវកាយផ្លូវវាង ដោយយើងធ្វើការទាំងយប់ ធ្វើឲ្យស្ទះចរាចរណ៍មួយរយៈ ហេតុនេះសូមបងប្អូនមេត្តាយោគយល់ និងអធ្យាស្រ័យ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner