កិច្ចប្រជុំផ្សព្វផ្សាយ ការចូលកាន់មុខតំណែង និងបំពេញការងារ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន នៅបរិវេណសាលាខេត្តប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ចំណុះឲ្យរដ្ឋបាលខេត្ត ប៉ៃលិន នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ ។

រាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ច លោកស្រី ជា លាភ ពីអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំងលោកស្រី ឡូញ ឈាង ឲ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនជំនួសលោកស្រី ជា លាភ ដែលដល់អាណត្តិកាងារ ០៨ឆ្នាំ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរភារកិច្ច លោក គោស៊ុម ប៊ុនសឿត ពីអភិបាលរងខេត្តព្រះវិហារ ទៅជា អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក ធូ ភា ដែល ត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មី ។

លោកស្រី ឡូញ ឈាង និងលោក គោស៊ុម ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ដែលទើបប្រកាសតែងតាំងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល នឹងបន្តអនុវត្តកិច្ចការងារឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការកំណែទម្រង់ និងចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងការដឹកនាំ គ្រប់គ្រង ផ្តល់ការយកចិត្តទុកដាក់ការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ។ល។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ដែលទើបប្រកាសតែងតាំងថ្មី និងបានកោតសរសើរចំពោះការដឹកនាំកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។លោកជំទាវ ក៏បានបន្តទៀតថា ត្រូវមានការសហការសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោម ត្រូវបន្តយកចិត្តទុកដាក់លើកការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជំរុញបន្ថែមការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ។

ជាថ្មីម្តងទៀត លោកជំទាវ សំណូមពរឲ្យ ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដោយអវត្តតាមសេចក្ដីណែនាំលេខ ០៥៥សណន របស់ក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលខេត្តឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ពិសេសអនុវត្តន៍តាមអភិក្រមទាំង ០៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់។តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ បន្ថែមលើនេះលោកជំទាវបានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ ១៩ និងត្រូវបន្តអនុវត្ត ៣ការពារ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner