ករណីអ្នកស្លាប់នៅឥណ្ឌូណេស៊ី មានច្រើនជាងតូរលេខក្នុងរបាយការណ៏

ក្នុង​ខែ​នេះ​ ប្រទេស​ឥណ្ឌូនេស៊ី​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺកូវីដ១៩​ លើស​អត្រា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា ​ហើយ​មាន​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​ប្រទេស​ប្រេស៊ីល​ទៅ​ទៀត ដែល​កាល​មុន​មាន​ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក​។ សរុប​មក​ចំនួន​អ្នក​ស្លាប់​ ដោយ​ កូវីដ១៩​របស់​ឥណ្ឌូណេស៊ី​មាន​ចំនួន​ច្រើនជាង​ ៧៣.០០០​ នាក់​។​

កាល​ពី​ថ្ងៃចន្ទ​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​រាយការណ៍​ថា​ មាន​អ្នក​ស្លាប់​ចំនួន​ ១.៣៣៨​ នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ បាន​ព្រមាន​ថា​សូម្បី​តែ​តួលេខ​ទាំង​នេះ​ក៏​ ប្រហែល​តិច​ជាង​ចំនួន​ជាក់​ស្តែង​ដែរ ព្រោះ​អត្រា​ធ្វើតេស្ត​របស់​ប្រទេស​នេះ​ គឺ​នៅ​ទាប​ណាស់។​

មាន​មន្ទីរពេទ្យ​ជាច្រើន​ ត្រូវ​បង្ខំ​ចិត្ត​ឈប់​ទទួល​អ្នក​ជម្ងឺ​កូវីដ១៩​ ខណៈ​ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​កំពុង​ស្លាប់​នៅផ្ទះ​ ដោយ​មិន​អាច​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​ ហើយ​មនុស្ស​ជាច្រើន​ទៀត​ក៏​មិន​ មាន​ឱកាស​ទទួល​ធ្វើ​តេស្ត​។

លោក​Muhammad Jauhar ជា​បុគ្គលិក​ជួយ​សម្រួល​ការ​យក​សាកសព​អ្នក​ជំងឺ​កូវីដ១៩​មក​ជូន​គ្រួសារ​វិញ​បាន​ប្រាប់​សារព័ត៌មាន​ Al Jazeera ថា៖ «​យើង​ម្នាក់ៗ​មាន​ការងារ​ត្រូវ​ធ្វើ​ផ្សេងៗ​គ្នា​ នៅ​ក្នុង​ក្រុម​ការងារ​នេះ​»​។ លោក​បាន​បន្ត​ថា​៖​ «ក្រៅ​ពី​ដឹក​ជញ្ជូន​សាកសព​ ខ្ញុំ​ក៏​ត្រូវ​ធ្វើ​ការ​សម្អាត រុំ​និង​បញ្ជូន​សព​ទៅ​ទី​បញ្ចុះសព​ផង​ដែរ»​។

តាម​ការ​ពិត​ទៅ លោក Jauhar មិនមែន​ជា​បុគ្គលិក​ដែល​ធ្លាប់​ធ្វើ​ការងារ​ទាំងអស់​នេះ​ទេ​ ដើមឡើយ​លោក​ជា​អ្នក​ធ្វើ​ការ​ នៅ​ក្នុង​វិស័យ​ផលិតកម្ម​ទូរទស្សន៍​មួយ​កន្លែង ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំរឿង​។ ប៉ុន្តែ​នៅ​ពេល​ ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ មិន​អាច​បន្ត​ទប់ទល់​ នឹង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ​ទើប​បណ្ដាល​ឱ្យ​មាន​កង្វះ​ខាត​កម្មករ​គ្រប់គ្រាន់​ដើម្បី​ បញ្ចុះ​សព​អ្នក​ស្លាប់។ អ្នក​ស្ម័គ្រចិត្ត​ដូចជា​ Jauhar គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ ឧស្សាហកម្ម​បុណ្យ​សព​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

លោក​បាន​និយាយ​ថា​៖ «ផល​ប៉ះពាល់​ដោយសារ​ជំងឺកូវីឌ១៩​ គឺ​មាន​ចំនួន​ច្រើន​ណាស់​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​តំបន់​ បូហ្គ័រ​ពិត​ជា​ខ្ពស់​ណាស់​។ ដូច​នេះ​ អ្វី​ដែល​យើង​កំពុង​ធ្វើ​ គឺ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​គ្រួសារ​សព​និង​ប្រទេសជាតិ​យើង​ទាំងមូល​។ បើ​ទោះបី​ យើង​មិន​បាន​ទទួល​ប្រាក់​ខែ​ក៏ដោយ​ ក៏​យើង​ធ្វើ​ការងារ​នេះ​ចេញ​ពី​បេះដូង​របស់​យើង​ដែរ​»​។

នៅ​បូហ្គ័រ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​តែ​ ៣ នាក់​គត់​ក្នុង​ចំណោម​ ៥០ នាក់​នៅ​ក្នុង​ក្រុម​បញ្ចុះសព​ដែល​ជា​ស្ត្រី។​យោង​ទៅ​តាម​ វិន័យ​សាសនា​អ៊ីស្លាម​ មាន​តែ​មនុស្ស​ភេទ​ដូច​គ្នា​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​លាង​​និង​រុំ​ខ្លួន​សាកសព​ជា​លើក​ចុង​ក្រោយ​បាន​។

Lapor Covid-19 ​គឺ​ជា​ក្រុម​ឯករាជ្យ​ មួយ​ដែល​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​រោគ​រាតត្បាត​កូវីដ១៩​។ លោក​ Ahmad Arif ​ដែល​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​នេះ​ បាន​និយាយ​ ថា​ការ​ស្រាវជ្រាវ​របស់​ពួកគេ​បាន​បង្ហាញ​ថា​ចំនួន​អ្នក​ស្លាប់​ពិត​ប្រាក ​គឺ​ពី​ ៣​ ទៅ​ ៥ ដង​នៃ​តួលេខ​ របស់​រដ្ឋាភិបាល​។​លោក​បាន​និយាយ​ថា​៖ «ភាគ​ច្រើន​នៃ​អ្នក​ដែល​ស្លាប់​ គឺ​ពួកគេ​ស្លាប់​នៅ​តែ​ម្នាក់​ឯង​ ដោយសារ​មាន​បញ្ហា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ ​ឬ​ដោយសារ​មន្ទីរពេទ្យ​មិន​អាច​ទទួល​អ្នកជំងឺ​បាន​ទៀត​ ដូច្នេះ​ពួកគេ​ត្រូវ​ត្រឡប់​មក​ផ្ទះ​សម្រាក​ព្យាបាល​វិញ ហើយ​ចុង​ក្រោយ​ពួកគេ​ត្រូវ​ស្លាប់​នៅ​ឯ​ផ្ទះ​»​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner