តើបញ្ហាអាហ្វហ្គានីស្ថានអាចពង្រឹងអង្គការសន្តិសុខ SCO ដែលដឹកនាំដោយចិន និងរុស្ស៊ីបានទេ?

ក្រោយ​ពី​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​អង្គការ​សម្ព័ន្ធមិត្ត NATO ប្រកាស​ដក​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ចិន និង​រុស្ស៊ី​ចាប់​ផ្ដើម​ឈឺ​ឆ្អាល​យ៉ាង​សកម្ម​ទៅ​លើ​បញ្ហា​នៅ​ក្នុង​ប្រទេស​មជ្ឈិមបូព៌ា​នេះ។

ទាំង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov បាន​រិះ​គន់​ថា ការ​ដក​ទ័ព​យ៉ាង​ប្រញាប់​របស់​សហរដ្ឋអាមេរិក​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​ ដែល​ធ្វើ​ឱ្យ​អាហ្វហ្គានីស្ថាន​ធ្លាក់​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​សន្តិសុខ​ និង​ផ្នែក​នយោបាយ។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ សុទ្ធ​តែ​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ចូល​ជួយ​អាហ្វហ្គានីស្ថាន ស្វែងរក​ផ្លូវ​​ទៅ​កាន់​សន្តិភាព និង​ស្ថិរភាព។

ក្រៅ​ពី​បង្ហើរ​សារ​តាម​រយៈ​ក្រសួង​ការបរទេស​ប្រចាំ​រដ្ឋធានី​នីមួយៗ ប្រទេស​ទាំង​ពីរ​ក៏​បាន​លើក​ពី​បញ្ហា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន មក​ពិភាក្សា​នៅ​ក្នុង​វេទិកា​សន្តិសុខ​មួយ ដែល​បង្កើត​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​កាល​ពី​ ២០ឆ្នាំ​មុន។ វេទិកា​នោះ​មាន​ឈ្មោះ​ថា អង្គការ​កិច្ច​សហប្រតិបត្តិការ​ទីក្រុង​សៀងហៃ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា SCO។

អង្គការ​ SCO នៅ​ពេល​នេះ​មាន​សមាជិក​ចំនួន​ ៨ប្រទេស​ ដែល​ភាគ​ច្រើន​នៅ​តំបន់​អាស៊ី​កណ្ដាល និង​អាស៊ី​ខាង​ត្បូង។ ប្រទេស​ទាំង ៨នោះ​មាន​ដូច​ជា ចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន និង​អ៊ូបេគីស្ថាន។ អង្គការ​នេះ​ធ្វើ​ការ​លើ​ផ្នែក​សន្តិសុខ ដែល​ជាពិសេស​ព្យាយាម​ដោះស្រាយ​លើ​បញ្ហា​ធំៗ​ចំនួន ៣គឺ ភេរវកម្ម ចលនា​ផ្ដាច់​ខ្លួន និង​ក្រុម​សាសនា​ជ្រុល​និយម។

ក្រៅ​ពី​សមាជិក​ចំនួន ៨ប្រទេស​ អង្គការ​នេះ​មាន​រដ្ឋ​ ដែល​មិន​ទាន់​ជា​សមាជិក​ពេញ​សិទ្ធិ ឬ ជា​រដ្ឋ​អង្កេត​ការណ៍​ចំនួន ៤ប្រទេស​ទៀត ដោយ​ក្នុង​នោះ​រួម​មាន​ប្រទេស​អាហ្វហ្គានីស្ថាន ប្រទេស​បេឡារូស អ៊ីរ៉ង់ និង​ប្រទេស​ម៉ុងហ្គោល។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ SCO ក៏​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​មិនមែន​ជា​សមាជិក តាម​រយៈ​បង្កើត​ដៃ​គូ​សន្ទនា។ មក​ទល់​ពេល​នេះ​ ដៃ​គូ​សន្ទនា​របស់​អង្គការ​នេះ​មាន​ចំនួន ៦ ដោយ​ក្នុង​នោះ​ក៏​មាន​ កម្ពុជា​ ផង​ដែរ។

នៅ​ក្នុង​ខែ​កក្កដា​នេះ ស្ថានភាព​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​របស់​អង្គការ​នេះ ដោយ​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នឹង​អង្គការ​នេះ​បាន​ពិភាក្សា​ពី​បញ្ហា​បច្ចេកទេស​តាម​វិស័យ​នីមួយៗ រហូត​ដល់​ថ្នាក់​កិច្ច​ប្រជុំ​នយោបាយ​ជាន់​ខ្ពស់។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ គេ​សង្កេត​ឃើញ​មាន​ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ SCO លើ​បញ្ហា​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ដែល​ធ្វើ​ឡើង​ដោយ​ការ​ជួប​គ្នា​ផ្ទាល់​នៅ​រដ្ឋធានី​ឌូស្ហាន់បេ ប្រទេស​តាហ្ស៊ីគីស្ថាន។

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​មាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ ដែល​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​របស់​សមាជិក​អង្គការ​នេះ​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ និង​អង្គការ​ទាំង​ឡាយ​ណា​ ដែល​ចាប់​អារម្មណ៍​នឹង​អាហ្វហ្គានីស្ថាន ជួយ​ប្រទេស​នេះ​ឱ្យ​មាន​ស្ថិរភាព និង​ការ​អភិវឌ្ឍ​។

យ៉ាងណាមិញ សំណើ​របស់​លោក Wang Yi មាន​ជម្រៅ​ជ្រៅ​ជាង​នេះ។ លោក​ចង់​ឃើញ​អង្គការ SCO ដើរ​តួនាទី​ស្នូល​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​បញ្ហា​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​រាប់​ចាប់​តាំង​ពី​ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ។

បើ​ទោះ​បី​ជា​លោក Wang Yi មាន​ទស្សនៈ​វិស័យ​បែប​នេះ​មែន អ្នក​តាម​ដាន​កិច្ចការ​អង្គការ SCO បាន​ចោទ​ជា​ការ​សង្ស័យ​ទៅ​លើ​ប្រសិទ្ធភាព​របស់​អង្គការ​នេះ​ ដោយ​សារ​តែ​បញ្ហា​មួយ​ចំនួន ដែល​បាន​កើត​ឡើង​នៅ​ពេល​កន្លង​មក ដែល​មាន​ដូច​ជា បញ្ហា​ជម្លោះ​ទឹកដី​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​នៅ​តំបន់​កាស្មៀរ ក៏​ដូច​ជា​ជម្លោះ​ទឹកដី​រវាង ឥណ្ឌា និង​ចិន។

ក្រៅ​ពី​រឿង​ជម្លោះ​ទឹកដី​នេះ អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា ចិន និង​រុស្ស៊ី​ហាក់​បី​ដូច​ជា​មិន​ស្រុះ​គ្នា​ក្នុង​ពង្រឹង​តួនាទី​របស់​អង្គការ​នេះ។ កន្លង​មក​ ចិន​ហាក់​បី​ដូច​ជា​ ព្យាយាម​ទប់​ស្កាត់​នូវ​បញ្ហា​ប្រឈម​នានា​ដូច​ជា​ បញ្ហា​ភេរវកម្ម នៅ​តាម​ប្រទេស​អាស៊ី​កណ្ដាល និង​ប្រទេស​អាស៊ី​ខាង​ត្បូង ដើម្បី​ការពារ​កុំ​ឱ្យ​បញ្ហា​ទាំង​នោះ​មាន​ការ​ជះ​ឥទ្ធិពល​ដល់​ចលនា​នយោបាយ​ក្នុង​ស្រុក​របស់​ខ្លួន។ ខុស​ពី​ចិន​ រុស្ស៊ី​ហាក់​បី​ដូច​ជា​ មាន​មហិច្ឆតា​ក្នុង​ការ​កែប្រែ​អង្គការ​នេះ​ ទៅ​ជា​អង្គការ​សន្តិសុខ​ធំ​មួយ ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​តែ​ម្ដង។

នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន រដ្ឋធានី​មូស្គូ​មាន​ការ​សង្ស័យ​ទៅ​លើ​ចិន ដោយសារ​តែ​ប្រទេស​មហាអំណាច​នេះ​ពង្រីក​ឥទ្ធិពល​ទៅ​កាន់​តំបន់​អាស៊ី​កណ្ដាល តាម​រយៈ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ BRI ខណៈ​ប្រទេស​តំបន់​អាស៊ី​កណ្ដាល​នេះ ជា​សម្ព័ន្ធ​មិត្ត​ជិតស្និត​របស់​រុស្ស៊ី ហើយ​ក៏​ជា​អតីត​រដ្ឋ​របស់​សហភាព​សូវៀត ដែល​បាន​ដួល​រលំ​នៅ​ឆ្នាំ១៩៩១។

ទាក់ទិន​នឹង​អនាគត​របស់​អង្គការ SCO និង​បញ្ហា​អាហ្វហ្គានីស្ថាន អ្នក​វិភាគ​មួយ​ចំនួន​ហាក់​បង្ហាញ​ពី​ទុទ្ទិដ្ឋិនិយម​នឹង​វិធីសាស្ត្រ និង​របៀប​ធ្វើ​ការ​របស់​អង្គការ​នេះ​ណាស់។

លោក Raffaello Pantucci អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​ សាលា​សិក្សា​អន្តរជាតិ S. Rajaratnam នៃ​ប្រទេស​សិង្ហបុរី​បាន​ប្រាប់​សារព័ត៌មាន​ South China Morning Post ថា កន្លង​មក​មាន​ភស្តុតាង​តិច​ណាស់ ដែល​ថា​អង្គការ​នេះ​បាន​ធ្វើ​ការ​អ្វី​ជា​ដុំ​កំភួន​នោះ​ឡើយ ខណៈ​អង្គការ​នេះ​មិន​មាន​បទពិសោធន៍​លើ​រឿង​រៀបចំ​ឱ្យ​មាន​សន្តិភាព ក្រៅ​ពី​ការ​ហ្វឹកហាត់​ជុំ​គ្នា​។ មួយ​វិញ​ទៀត សមាជិក​អង្គការ​នេះ​ ច្រើន​តែ​ធ្វើការ​ជាមួយ​អាហ្វហ្គានីស្ថាន ក្នុង​លក្ខណៈ​ជា​ទ្វេភាគី ជាជាង​ពហុភាគី​តាម​រយៈ​អង្គការ​ SCO៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner