សម្តេចពិជ័យសេនា ទៀ បាញ់៖ ក្រសួងការពារជាតិកម្ពុជា និងផ្តល់ជូនក្រសួងការពារជាតិចិន នូវម៉ាស់ចំនួន ៣សែន និងសំលៀកបំពាក់ការពារជំងឺឆ្លង Covid-19 នាពេលខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

មានប្រសាសន៍នៅ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ២០១៩ និងបើកវគ្គសិក្សាឆ្នាំ២០២០ និងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាមួយខ្នង នៅសាកលវិទ្យាល័យការពារជាតិ ឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងខណ្ឌរស្សីកែវ រាជធានីភ្នំពញ សម្តេចពិជ័យសេនា ទៀ បាញ់  បានបញ្ជាក់ថា ថា ក្រសួងការពារជាតិកម្ពុជា នឹងផ្តល់ម៉ាសចំនួន ៣សែនម៉ាស និងសំលៀកបំពាក់ការពារការឆ្លងមេរោគមួយចំនួន ដល់ក្រសួងការពារជាតិចិន ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណាថ្មី ឬ Covid-19 ខណៈមេរោគនេះ បានកំពុងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ពាក់ព័ន្ធនឹងការផ្តល់ម៉ាស់ចំនួន ៣សែនម៉ាស ដល់ក្រសួងការពារជាតិចិននេះដែរ ក្រសួងការពារជាតិ នឹងផ្តល់ដំណឹងទៅស្ថានទូតចិន ប្រចាំនៅកម្ពុជាឱ្យដឹងជាមុនថា ក្រសួងការពារជាតិកម្ពុជា នឹងប្រគល់ម៉ាសចំនួន ៣សែនម៉ាស និងសំលៀកបំពាក់ការពារ ការឆ្លងដល់ប្រទេសចិន ដើម្បីចូលរួមរំលែកការលំបាកដល់ប្រជាជន និងរដ្ឋាភិបាលចិន។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់នាយទាហានពល ទាហានទាំងអស់ ត្រូវចូលរួមសហការគ្នា ជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបាននូវជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ឬ (Covid-19) ខណៈជំងឺនេះបានកំពុងរាតត្បាត នៅទូទាំងពិភពលោក ហើយបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់កំពុងបន្តឆ្លងនូវមេរោគនេះ ជាបន្តបន្ទាប់នោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា នាពេលកន្លងទៅ ក្រសួងសុខាភិបាលបានធ្វើការណែនាំច្រើនមកហើយ ដោយឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងត្រូវចេះការពារនូវជំងឺ (Covid-19) នេះ ដូច្នេះ ក្នុងនាមយើងជាកងទ័ពត្រូវចូលរួមអនុវត្តការណែនាំនេះឱ្យបានល្អ ដើម្បីការពារនូវមេរោគមួយនេះ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៦៦៣នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៧,៦៥៨ករណី ហើយដែលចំនួនទាំងនេះ មានការថមថយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner